មតិ​របស់​លោក​អ្នក (ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ សូម​សរសេរមតិ កុំឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ)

Home » , , » ប្រវត្តិ​លោកតា ឃ្លាំង​មឿង

ប្រវត្តិ​លោកតា ឃ្លាំង​មឿង

Written on Thursday, October 31, 2013 | 7:57 AM

បើតាមចាស់ៗខ្លះបានតំណាលដូចៗគ្នាថា លោក​តា មឿង មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកជាបុគ្គលម្នាក់ខ្លាំងពូកែ ចេះមន្តអាគមគាថាគ្រប់បែបយ៉ាងស័ក្តិសិទ្ធិ។ នៅពេលបានដំណឹងថា ព្រះបាទអង្គចន្ទរាជាត្រឡប់មកពីប្រទេសសៀម និងកំពុងតែលើកទ័ពតម្រង់ចូលមកខេត្តពោធិ៍សាត់ លោក​តា មឿង ក៏បានធ្វើសកម្មភាពបញ្ចុះបញ្ចូលឱ្យវង់ភ្លេងពិណពាទ្យប្រគំភ្លេងថ្វាយគ្រូ និងគុណបុណ្យបារមីស័ក្តិសិទ្ធិទាំង៨ទិស។ នៅពេលលោកតាលោតទៅក្នុងរណ្តៅ ដែលមានអាវុធដាវលំពែងបណ្តុះច្រូងច្រាងនៅក្នុងនោះ លោកធ្លាក់ទៅចំផ្លែដាវ ហើយក្បាលរបស់លោកក៏ដាច់ធ្លាក់ក្នុងពេលនោះទៅ។

"សម្ដេចចៅពញា ចន្ទ​រាជា កាល​ទ្រង់​ព្រះសណ្ដាប់​ចៅពញា​សួគ៌ា លោក​ទូល​សុំ​យ៉ាងនេះ​ទ្រង់​ពុំ​ជឿ​សោះ​ទេ ទើប​ទ្រង់​គ្រវី​ព្រះសិរសា ហើយ​ត្រាប់​ថា “​ពី​បុរាណ​រៀង​មក យើង​ពុំដែល​ឮ​ថា មានឈ្មោះ​ណា​ទៅ​កេណ្ឌយក​ខ្មោច​បិសាច​មក​ជួយ​ច្បាំង​មនុស្ស​ដល់ម្ដង​ឡើយ ណ្ហើយ​អ្នក​ចៅពញា​លែង​គិតគំនិត​បែប​នេះ​ទៅ​ចុះព្រោះ​ជា​គំនិត​មិន​ដែលមាន​អ្នក​ណា​គិត​មក​ពី​មុន​ផង និង​ជា​កិច្ចការមួយ​ដែល​ខ្ញុំ​មិន​ជឿ​ថា មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ផង​”​។

ចៅពញា​សួគ៌ា​លោក មឿង ក្រាបទូល​ថា បើ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឱ្យ​គិត​ធ្វើ​តាមចំណេះ និង​តាម​មន្ដ​វិជ្ជាការ​ទូលព្រះបង្គំ​ទេនោះ​ ទូលព្រះបង្គំ​នឹង​អា​រក​ឱ្យ​ស្លាប់​នៅ​ទី​នេះ ក្នុង​ឥឡូវនេះ​ហើយ ព្រោះ​បើ​នឹង​រស់នៅ​តទៅក៏​មិន​បាន​ជួយ​យកអាសា​ផែនដីថ្វាយ​ព្រះ​អង្គដល់​កម្រិត​ដែរ​” ។ ថា​ហើយ​ចៅពញា​សួគ៌ាលោក មឿង ក៏​ហូត​ដាវ និង​អា​រកតាមពាក្យ​ដែល​ខ្លួន​បាន​ក្រាបទូល ។ ខណៈនោះសម្ដេចចៅពញា ចន្ទ​រាជា ទ្រង់​ក្រឡេក​ព្រះនេត្រា​ឃើញ​ទាន់​ក៏​ទ្រង់​ស្ទុះ​ទៅ​ចាប់​ដាវ​នោះចេញពី​ដៃ ហើយ​ទ្រង់​ត្រាស់​ថា “​កុំ!​កុំ!​ចៅពញា កុំ​សម្លាប់​ខ្លួនខ្ញុំ​ស្ដាយ​លោក​ណាស់ ខ្ញុំព្រម​តាម​ចៅពញា​ហើយ ដូច្នេះ​បើ​ចៅពញាគិត​ឃើញ​ដូច​ម្ដេច​ស្រួល សូម​ចៅពញា​ធ្វើតាម​គំនិត​នោះ​ចុះ​”​។
ចៅពញា​សួគ៌ាលោក​ឮហើយ​ មាន​ចិត្តអំណរ​ណាស់ ទើប​ថ្វាយបង្គំ​លាចេញ​មក​ក្រៅ​ដំណាក់ ហើយ​ក៏​ចាត់​កូនទាហាន​ឱ្យ​ជីករណ្ដៅ​ធំ​មួយ​ជម្រៅ​៨​ហត្ថ ៤​ជ្រុង ឲ្យធ្វើ​រាន​ទេវតា​៧​ថ្នាក់ដាក់​បាយសី ទឹកអប់ និង​គ្រឿង​បូជា ហើយ​ឲ្យធ្វើ​រាជវ័តិព័ទ្ធ​ជុំវិញ ។ លុះ​ពួក​ពល​ធ្វើ​តាម​បង្គាប់​សព្វគ្រប់​ហើយ​ចៅពញា​សួគ៌ា​លោក មឿង ក៏ស្លៀក​ស​ពាក់​ស ហើយ​ឲ្យ​រៀប​ភ្លេង​ចាំ​ប្រគំទាំង​៨​ទិស​។
រឿង​ពញា​មឿង(១)​នេះ​មាន​ក្នុង​ព្រះរបាក្សត្រ​ថា ពញា​មឿង​ជា​មេ​ស្មឹងមានកូនប្រុស​៤​នាក់ គឺ​ឈ្មោះ​កែវ​កែ​ (២) ទេព​សុខ​១ ។ ពញា​មឿង មាន​សម្លាញ់ម្នាក់​ឈ្មោះ​ចន្ទ​ ធ្វើ​ជា​ជំទប់​មេ​ស្មឹង​ក្រវាញ​។ ក្នុង​គ្រានោះ សម្ដេចចៅពញា​ចន្ទ​រាជាព្រះ អង្គ​មាន​អ្នកម្នាង​ម្នាក់​ឈ្មោះ​អ្នក​ម្នាង​ខៀវ ។ អ្នក​ម្នាង​ខៀវ​នោះ​ទ្រង់​គភ៌​៧​ខែហើយ​ ហើយអ្នកម្នាង​មាន​បាវ​ស្រី​មួ​យ​ឈ្មោះ​នាង​ពេញ​
សាស្ដ្រា​របាក្សត្រ​នេះនិយាយ​ទៀត​ថា ក្នុង​គ្រា​ដែល​សម្ដេចចៅពញា​ ចន្ទ​រាជា ស្ដេចលើកទ័ព​ពី​ក្រុង​ស្រី​អយុធ្យា​មក​ខេត្ដ​ពោធិ៍សាត់​នោះ ពញា​មឿង នាំ​ដំរីសេះ​ជា​ច្រើនទៅ​ថ្វាយ​ទុក​ធ្វើសង្គ្រាម​ប្រយុទ្ធ​នឹង​ព្រះ​ស្រីជេដ្ឋា​(​ស្ដេច​កន​)​។ សម្ដេចចៅពញា​ ចន្ទ​រាជា ស្ដេច​មក​ដល់​ខេត្ដ​ក្រគរ​បាន​តយុទ្ធ​នឹង​ទ័ពព្រះ​ស្រី​ជេដ្ឋា ប៉ុន្ដែ​ខាង​ទ័ព​ព្រះ​ស្រី​ជេដ្ឋាឈ្នះ​។
សម្ដេចចៅពញា​ ចន្ទ​រាជា ទ្រង់​ឃើញ​ទ័ពព្រះ​អង្គ​ចាញ់​ទ័ព​ព្រះ​ស្រី​ជេដ្ឋាដូច្នេះ​ ព្រះ​អង្គក៏​ថយ​ទៅ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​មាន​ជ័យ (៣) ខេត្ដពោធិ៍សាត់ក្នុង​ឃុំ​បាក់​នឹម​វិញ​។ ខណៈនោះពញា​មឿង​កាល​ឱ្យ​ពល​ជីករណ្ដៅជម្រៅ​៨​ហត្ថ​៤​ជ្រុងហើយ​ ​ក៏​ថ្វាយបង្គំ​លាសម្ដេចចៅពញា​ ចន្ទ​រាជា ទៅ​កេណ្ឌ​បិសាច​ឱ្យជួយ​ធ្វើសង្គ្រាម​។ មុន​នឹង​ទៅ​កេណ្ឌ​បិសាចនោះ ​ពញា​មឿង​បាន​ផ្ដាំ​នឹង​ពញា​ ចន្ទ​ ជា​សម្លាញ់ ដែល​ជា​ជំទប់​មេ​ស្មឹង​ភ្នំក្រវាញ​ថា “​ឱ្យ​សម្លាញ់ឯង​នៅ​ជា​មេ​ស្មឹង​ជំនួយ​អញ​ ដើម្បី​និយាយត​ពី​ព្រះមហាក្សត្រ​មក​អញកុំបី​ឱ្យ​ព្រះ​អង្គនិយាយ​ផ្ទាល់​នឹង​អញ​ឡើយមួយទៀត​ បើដល់​វេលា​យប់ ថ្ងៃ​ពេញបូណ៌មី​ ខែ​ពិសាខ បើ​ឯង​ឮ​សូរ​សន្ធឹក​ខ្ទរខ្ទារ​មេឃ​ក្នុង​ដីហើយ​ ឱ្យឯង​ក្រាប​បង្គំ​ទូល​ព្រះ​បរមបពិត្រ សូម​ឱ្យ​ទ័ពទៅ​ចោម​បន្ទាយ​សត្រូវ​ជា​ប្រញាប់​ចុះ​”​។
ឯ​អ្នក​ម្នាង​ខៀវ កាល​ឮ​ថា​“​ពញា​មឿងសម្លាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច ក៏​មានចិត្ដ​ឈឺឆ្អា​ល​ជួយ​ផែនដី​ដែរ។ កាល​ឃើញ​ពញា​មឿង​ចូល​ក្នុង​រោង​រាជវ័តិ តាំង​ពិធីបួងសួងទេវតា​ដូច្នោះ​អ្នក​ម្នាង​ក៏​ថ្វាយបង្គំ​លាស​ម្ដេចចៅពញា​ចន្ទ​រាជា ​ចូល​ទៅ​ក្នុង​ទី​ព្រះរាជ​ពិធីដែរ​។ លុះ​បួងសួង​ទេវតា​ស្រេច​ហើយអ្នក ម្នាង​ខៀវ និង​ពញា​សួគ៌ា​លោក​មឿង ក៏​លោតទាំង​ពីរ​នាក់​ទៅ​ក្នុង​រណ្ដៅ​។ ព្រះ​បរម​ពិ​ត្រ និង​បណ្ដា​ជា​ខ្ញុំ​ក្រុម​រាជការ​ជួយ​ឃាត់​ផង ក៏​ពុំស្ដាប់​។ ក្នុង​គ្រានោះ​កូន​ពញា​មឿង​៤​នាក់ ដែល​ព្រះ​បរមបពិត្រ​ស្ដេច​បាន​តាំង​ជាម​ន្ដ្រី ទាំង​៤​នាក់​រួច​ហើយ​នោះ គឺ​១-​ឈ្មោះ​កែវ ទ្រង់​បាន​តាំង​ជា “​ចៅពញា​វង្សាអគ្គរាជ​” ២-​ឈ្មោះ​កែ​ទ្រង់​បាន​តាំង​ជា​“​ចៅពញាបរទេស​រាជ​” ៣-​ឈ្មោះ​ទេពទ្រង់​បាន​តាំង ជា​“​ចៅពញា​វិបុល​រាជ​” ៤-​ឈ្មោះ​សុខ ទ្រង់ បាន​តាំង​ជា “​ពញា​រាជតេជះ​”​។
កូន​ទាំង​៤​នោះ កាល​ឃើញ​បិតា​លោតសម្លាប់​ខ្លួន​ទៅ​កេណ្ឌ​បិសាច​ដូច្នោះ ក៏​និយាយគិត​គ្នា​ថា​“​បិតា​យើង​ទៅ​តែ​ម្នាក់ឯងគ្មាន​គេទៅ​ជួយ​បម្រើជួយ​គិត​កេណ្ឌ​បិសាច​ផង​សោះ បើ​យ៉ាងនេះ​ក្រែង​ឪពុក​យើង​ធ្វើការ​នេះ​ពុំទាន់​ការ ដូច្នេះ​ត្រូវ​យើង​កេណ្ឌ​ទ័ព​ខ្មោចជាមួយនឹង​គាត់​”​។ ថា​តែ​ប៉ុណ្ណោះ​កូន​ទាំង​៤ នាក់​នោះ​ក៏​ស្ទុះ​លោត​ទៅ​តាម​បិតា​ទាំងអស់គ្នា តែ​ខណៈនោះខ្ញុំ​រាជការ​ចាប់​មិន​ឱ្យ​លោតតាម​ដើម្បី​ឃាត់​ឱ្យ​នៅ​ធ្វើ​រាជការ​បាន​ពីរនាក់​មក​វិញ គឺ​ចៅពញា​វិបុល​រាជ​ ទេព​១ ចៅពញា​រាជតេជះ សុខ​១ ។ ឯ​ចៅពញា​វង្សាអគ្គរាជ កែវ និង​ចៅពញា​បរទេស​រាជ កែ (​ឬ​អង់​) ជា​កូន​ទី​២នោះ​ រាជការ​ចាប់ឃាត់​ពុំ​ទាន់ ក៏​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ស្លាប់ជាមួយ​បិតា​ទៅ ។ អ្នក​ម្នាង​ខៀវ​ក៏​លោតសម្លាប់​ខ្លួន​ទៅ​ក្នុង​រណ្ដៅ​រួមគ្នា ​ជា​៤​នាក់ ។ ខ្មោចទាំង​៤​នាក់​នោះ បាន​កើត​ឡើងជា​ដំបូកឃ្លាំង​មឿង(​៤)​ដល់​សព្វ​ថ្ងៃនេះ​។
លុះដល់​ព្រះ​ចន្ទ​ចរ​ត្រង់​ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នោះ ក៏​ស្រាប់តែ​ឮ​សូរ​សន្ធឹកខ្ទរខ្ទារ​មហិមា​នៅ​លើ​មេឃ និង​នៅ​ក្នុង​ដីនាំ​ឱ្យ​ភិតភ័យ​តក្កមា​ក្រៃ​លែង ហាក់បីដូចជាកក្រើក​ក្រឡា​មហាប្រឹថពី​។ ខណៈនោះពញា​ ចន្ទ ​មេ​ស្មឹង​យក​សេចក្ដី​ក្រាប​បង្គំ​ទូលសម្ដេចចៅពញា​ ចន្ទ​រាជា​ តាម​បណ្ដាំ​ចៅពញាសួគ៌ា​លោក​មឿង ដែល​បាន​ផ្ដាំ​នោះ។ សម្ដេចចៅពញា​ ចន្ទ​រាជា ក៏​លើកទ័ព​ចេញ​ទៅចោម​បន្ទាយ​សត្រូវ​។ ឯ​កងទ័ព​សត្រូវ​បានឮសូរ​សន្ធឹក​ខ្ទរខ្ទារ​លើក​មក​ក្នុង​ដី​លើ​មេឃសន្ធឹក​ដូច​ជា​រន្ទះ​ដូច្នោះ​ ក៏​ភិតភ័យ​ញ័រ​ជើងញ័រ​ដៃ រន្ធត់​តក់ស្លុត​រត់​ចោល​បន្ទាយចោលសា​ស្ដ្រាវុធ​ រត់គេច​ដោះខ្លួន​ឱ្យ​រួច​ជីវិត​តែ​សព្វខ្លួន ។ សម្ដេចចៅពញា ​ចន្ទ​រាជា ព្រះ​អង្គ​លើកពល​យោធា​ចូល​ក្នុង​បន្ទាយ​ស​ត្រូវ ហើយទ្រង់​ចាត់​កងទ័ព​ឱ្យ​ដេញ​តាម​ទ័ព​ស​ត្រូវទៅ​។ ព្រះ​អង្គ​បាន​គ្រឿងសាស្ដ្រាវុធ ស្បៀង អាហារ សេះ ដំរី ជា​ច្រើន ដែល​មាននៅ​ក្នុងបន្ទាយ​នោះ​ទាំង​ប៉ុន្មាន​។
ថ្ងៃ​ក្រោយមកនាង​ពេញ​ជា​បាវ​អ្នក​ម្នាង ខៀវ បានដឹង​ថា ចៅហ្វាយ​របស់​ខ្លួន​ស្លាប់ទៅ​ហើយ ហើយ​ទៅ​កើតជា​បិសាច​រក្សាស្រុក​ដូច្នោះ​ នាង​អធិដ្ឋាន​ថា “​ខ្ញុំ​សូម​ឱ្យ​បានទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ ហើយ​ឱ្យ​បានជា​ផ្នូ​កផ្នូល​ព្រះ​នគរ​” លុះ​បួងសួង​ស្រេច​ហើយ នាងពេញ​ក៏​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារក្រោម​នេះ ហើយ​ស្លាប់​ទៅ​កើតជា​បិសាចស្ថិត​ក្នុង​ទី​ដែល​មាន​ដំបូក​ទាំង​៣​។
អ្នក​ម្នាង​ ខៀវ​ កើតជា​ដំបូក​មួយ​នៅ​ខាងជើង ពញា​ មឿង ​កើតជា​ដំបូក​មួយ​នៅ​ខាងត្បូង វង្សាអគ្គរាជ ​កែវ និង​បរទេស​រាជ ​កែ ដែល​ជា​កូន​ពញា​សួគ៌ា​លោក​មឿង​នោះ កើតជា​ដំបូក​មួយ​នៅ​ខាងលិច ។ ដំបូក​ទាំង​៣ដុះ​ជាប់​គ្នា​ជា​៣​មុំ​ទៅ​ជា​ដំបូក​ផ្នូ​ក​ផ្នូលនៃ​ព្រះនគរ​ដូចដែល​នឹង​និយាយ​ក្នុង​ទំនាយ​ខាង​ដើមនេះ ៖
១-​ដំបូក​ខាងជើង គឺ​ដំបូក​អ្នក​ម្នាង​ខៀវជា​ដំបូក​ផ្នុ​ក​ផ្នូល​ខាង​ម្ចាស់ផែនដី​។
២-​ដំបូក​ខាងត្បូង គឺ​ដំបូក​ពញា​មឿង ជា​ដំបូក​ផ្នុ​ក​ផ្នូល​ខាង​ចៅហ្វាយស្រុក​។
៣-​ដំបូក​ខាងលិច គឺ​ដំបូក​កូន​ពញា មឿង ទាំង​ពីរ​នាក់​ជា​ដំបូក​ផ្នូ​ក​ផ្នូល​ខាង​ក្រវាញ​។
៤-​កោះ​មួយ​នៅ​ក្នុង​ស្ទឹង​នៃ​ខេត្ដ​ពោធិ៍សាត់នៅ​ផ្សារ​ក្រោម​ជា​កោះ​នាង​ពេញ ។ កោះ​នេះ​ជា​ផ្នូ​ក​ផ្នូល​ខាង​ចៅហ្វាយស្រុកដែរ​។  "
សំគាល់ៈ​ 
(១)​ពញា​មឿងៈ​ឧកញ៉ា​ឃ្លាំង មឿង​,
(២)​កែ ៖ សាស្ដ្រា​វត្ដ​កំពង់ត្រឡាច​ថា ឈ្មោះ​អង់​,
(៣)​បន្ទាយ​មាន​ជ័​យៈ​ភូមិ បន្ទាយ​ជ័យ​សព្វថ្ងៃ​,
(៤)​ឃ្លាំងមឿង ៖ អ្នកខ្លះ​យល់​ថា “​ឃ្លាំងមឿង​”​នេះ​មិនមែន​ជាឈ្មោះ ឬ​ជា​ងារ​សក្ដិ​របស់​រូប​មន្ដ្រី​ដែល​បានប្ដូរជីវិត ដើម្បី​បូជា​ទឹកដី​នោះ​ទេ​ ថាពាក្យ “​ឃ្លាំងមឿង​”​ នេះ​ជា​ពាក្យ​សៀម​ក្លាយ​គឺ​ក្លាយពី​ពាក្យ​សៀម​មែនទែន​ថា  “​ខ្លា​ង​មឿង​” ប្រែថា អ្នកតា​ចាស់​ស្រុក ៕

សូមទស្សនាវីដេអូខាងក្រោមបន្ថែម


សូមទស្សនាវីដេអូខាងក្រោមផងដែរ (មានកំហុសឆ្គងមួយចំនួនដូចជាឈ្មោះ title, subtitle និងនាទីអ្នកម្នាង ខៀវ ដែលមិនមែនជាប្រពន្ធរបស់លោកឧកញ៉នោះទេ)



អត្ថបទ​ដកស្រង់ពី ឯកសារមហាបុរសខ្មែរ។
ចែក​រំលែក​អត្ថបទ​នេះ :