មតិ​របស់​លោក​អ្នក (ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ សូម​សរសេរមតិ កុំឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ)

Home » , , » អំពី ​កោះ​សំពៅ​មាស

អំពី ​កោះ​សំពៅ​មាស

Written on Wednesday, October 30, 2013 | 5:26 PM



កោះ​សំពៅ​មាស ជា​ដី​មួយ​ដុំ​ដុះ​កណ្ដាលស្ទឹងពោធិ៍សាត់ មាន​ទទឹង ៥០ ម៉ែត្រ បណ្ដោយ​ជាង ២០០ ម៉ែត្រ មាន​សណ្ឋាន​ដូចជា​សំពៅ កំពុង​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​មហាសាគរ​។​ ​កោះ​នេះ​ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ធ្វើការកែខៃ​ច្នៃប្រឌិត​ចាក់​បេតុង​ជុំវិញ​កោះ ហើយ​នៅ​ផ្នែក​ខាងលើ​កោះ​បានធ្វើ​សួនច្បារ​ដាំ​ដើមឈើ ​ធ្វើជា​រោង​វេទិកា ដាក់​ដងក្ដោង ដងទង់​ជាតិ ហើយ​រចនា​ផ្នែក​ជុំវិញ​លាបថ្នាំ​ចម្រុះ​ពណ៌​ និង​ដាំ​បង្គោល​ភ្លើង​យ៉ាងច្រើន ដែល​មើលទៅ​ដូចជា​សំពៅ​ដ៏​ថ្មីសន្លាង​ កំពុងបើក​កណ្ដាលស្ទឹង​បញ្ច្រាស​ទឹក​ហូរ​ មក​ជាប់​នៅមុខ​សាលាខេត្ត ក្នុង​ទីប្រជុំជន​យ៉ាង​ដូច្នេះ​ដែរ។​


​ការធ្វើ​កោះ​សំពៅ​មាស ដោយ​រចនា​ដូច​សំពៅ​បេះបិទ​នោះ បានចាប់ផ្ដើម​ធ្វើឡើង​ទន្ទឹមគ្នា​ជាមួយនឹង​ស្ពាន​ថ្មី​មួយ​ដែល​ឆ្លង​ពី​ថ្នល់​ខាងលិច​ទៅខាង​កើត កាលពីដើមឆ្នាំ​២០០៨ ដែល​ស្ពាន​នោះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ដី​កោះ​ដែល​ធ្វើ​ឲ្យ​ដូច​សំពៅ​នោះ បាន​ស្ថាបនា​រួចរាល់​ហើយ ហើយ​ត្រូវដាក់​សម្ពោធ​​ជា​ផ្លូវការកាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០០៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ពិធី​ដ៏​អធិកអធម​នេះ បានធ្វើ​បុណ្យ​ដល់​ទៅ ៣ថ្ងៃ ៣យប់ ចាប់ពី​ល្ងាច​ថ្ងៃទី​៩ មករា ដល់​ថ្ងៃទី​១២ មករា ២០០៩ ទើប​ចប់។ ក្នុង​រយៈពេល ៣ថ្ងៃ ៣យប់​នេះ មាន​ក្រុម​កំប្លែង ក្រុម​អ្នកចម្រៀង​មកពី​ភ្នំពេញ​លេង​កំដរ នឹងមាន​បាញ់​កាំជ្រួច​ទាំងបី​យប់។​

​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ខេត្តពោធិ៍សាត់​ទទួលបាន​ហើយ​បានធ្វើ​ឲ្យ​ទី​រួម​ខេត្ត​កាន់តែ​ស្រស់​បំពង អាចដាក់​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ជា​រៀងរាល់ថ្ងៃ​គ្រប់ពេលវេលា​មិន​ថ្ងៃ ឬ យប់​ឡើយ​។ ទន្ទឹមនឹង​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ អាជ្ញាធរខេត្ត​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ខេត្ត​តាំងពី​កន្លងមក​រហូត​ទៅមុខ​ទៀត ជាពិសេស​អភិវឌ្ឍន៍​ស្ពាន​ថ្នល់​ លូទឹកស្អុយ ក៏ដូចជា​ការអភិវឌ្ឍ​នៅ​កន្លែង​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូលមក​កាន់​ខេត្តពោធិ៍សាត់​ឲ្យ​បាន​ច្រើន ព្រោះ​តាមរយៈ​វិស័យ​ទេសចរណ៍​នេះ មាន​ប្រភព​ចំណូល​សំខាន់​ណាស់ ដែលជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។​

​ទាន់​ទិន​នឹង​កោះ​សំពៅ​មាស​នេះ មិនមាន​ឯកសារ​ណា​ច្បាស់លាស់​ដើម្បី​បញ្ជាក់​ពី​ប្រវត្តិ​ទាក់ទង​នឹង​កោះ​នេះ​ទេ គ្រាន់តែ​ឮ​គេ​ដំណាល​តៗ​គ្នា​តាមរយៈ​រឿងព្រេង​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ តាម​ចាស់ៗ​និយាយថា មាន​សំពៅ​មួយ​ដែល​មកពី​ស្រុក​ចិន បាន​ចូលមក​ដឹកទំនិញ​នៅ​ម្ដុំ​ផ្សារ​ក្រោម​ខេត្តពោធិ៍សាត់​នេះ តែ​បាន​លិច​ហើយដោយ​មិនអាច​ស្រង់​វិញ​បាន ​ទឹក​ដែល​ហូរ​បាន​នាំ​ល្បាប់​ដី​មកព័ទ្ធ​ជុំជិត​ទីនោះ ហើយក៏​បានក្លាយ​ទៅជា​កោះ។ រឿងនេះ​មិនដឹង​កើតឡើង​កាលពី​ប៉ុន្មាន​រយ​ឆ្នាំ​មកហើយ​នោះទេ តែ​អ្នកខ្លះ​បាន​តំណាល​ថា កោះ​សំពៅ​មាស​នោះ គឺជា​កន្លែង​ដែល​នាង​ពេញ​ជា​បាវបម្រើ​អ្នក​ម្នាង ខាន់ ខៀវ បាន​ទៅ​លោត​ទឹកស​មា្ល​ប់​ខ្លួន​តាម​ចៅហ្វាយ​របស់គេ ដែល​​ឧកញ៉ា​មឿង និង​​កូន​ពីរ​នាក់​ទៀត បាន​លោត​ចូលទៅក្នុង​រណ្ដៅ​មួយ ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ប្រយុទ្ធ​ជាមួយ​សត្រូវ​សៀម ដែល​កាលណោះ​មាន​ស្ដេច​អង្គ ចន្ទ រាជា ប្រយុទ្ធ​ជាមួយនឹង​សៀម ។​
​រឿងព្រេង​នោះ បាន​តំណាល​ទៀតថា នាង​ពេញ​ពេល​លោតទឹក​នោះ បាន​បួងសួង​ថា “ ខ្ញុំ​សូម​ឲ្យ​បាន​ទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ ហើយ​បាន​ឲ្យ​កើតជា​បិសាច​នៅ​ស្រុក​នេះ ” ។ ពេល​បួងសួង ហើយ​នាង​ពេញ​ក៏​ទៅ​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារ​ក្រោម​នោះ ហើយ​បាន​កើតជា​បិសាច​ ដែល​កើត​បាន​ទៅជា​ដំបូក​។​

​ចំណេរ​ចេ​កាល​ក្រោយមក​ មាន​ប្រផ្នូល​នៃ​ដំបូក​នាង​ពេញ កន្លែង​ដែល​នាង​ពេញ​លោតទឹក​ស្ទឹង​សម្លាប់ខ្លួន​នោះ ទំនាយ​ទាយ​ថា បើ​ច្រាំង​ស្ទឹង​ដុះ​លូតលាស់​ល្អ ទំនាយ​ថា ចៅហ្វាយស្រុក​ក្សេមក្សាន្ត។ បើ​ច្រាំង​បាក់​រេច​រិល​ ទំនាយទាយ​ថា ចៅហ្វាយស្រុក​នេះ​មានទុក្ខ​ក្នុងផ្ទះ ឬ​មានទុក្ខ​ពី​រាជការ ។ បើ​ច្រាំង​ស្ទឹង​នេះ​បាក់ ​ទំនាយ​ទាយ​ថា ចៅហ្វាយស្រុក​នឹង​អស់បុណ្យ។​

​ជាមួយគ្នា​នោះដែរ កាលពី​ប្រមាណ​ជាង ៦០ ឆ្នាំមុន ទីកន្លែង​កោះ​សំពៅ​មាស​នេះ មាន​គេ​រើស​បាន​រូប​បដិមា​ធ្វើ​ឈើ​មួយអង្គ មានពុក​បាក់​ខ្លះ។ ​តាមរចនាបទនោះ ​គេ​យល់ថាជា​ព្រះអង្គ​ចៅសែន ហើយ​គេ​យកពុទ្ធបដិមា​នោះ​ទៅ​តម្កល់ទុក​នៅមុខ​សាលាខេត្ត​ពោធិសាត់។ បច្ចុប្បន្ន​កន្លែង​នោះ​ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់​ធ្វើជា​អាស្រម​ សម្រាប់​តម្កល់​ព្រះអង្គ​ចៅសែន ឲ្យ​គត់មត់​ផងដែរ៕​


ប្រភពពី cen.com.kh
ចែក​រំលែក​អត្ថបទ​នេះ :