អត្ថបទ​ថ្មី​ៗ

Showing posts with label Tale&History. Show all posts
Showing posts with label Tale&History. Show all posts

របាំ​ក្ងោក​​ពោធិ៍សាត់ - Peacock Dance

Written on Saturday, April 5, 2014 | 1:33 AM

របាំ​ក្ងោក​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ​របាំ​ក្ងោក​ប៉ៃលិន​និង ប្រភេទ​របាំ​ក្ងោក​ពោធិ៍សាត់។ របាំ​ក្ងោក​ទាំងពីរ​ប្រភេទ នេះ​មាន​លក្ខណៈ​ខុសគ្នា។

នៅ​ស្រុក​ភ្នំ​ក្រវាញ​មាន​ភូមិ​មួយ​ឈ្មោះ​ក្សេតបុរី​ ទីដែល​ជន​ជាតិ​ព័រ​រស់​នៅ​ច្រើន​ ។​ ជន​ជាតិ​នេះ​មានទំនៀម​​ទម្លាប់​ប្រហាក់​ប្រហែល​ខ្មែរ​យើង​ដែរ​ គឺ​កាន់​សាសនា​ព្រះពុទ្ធ​ ។​ នៅ​ពេល​ធ្វើ​ពិធី​បុណ្យ​ និង​ពិធី​សែន​ព្រេន​ ផ្សេងៗ​ គេ​ឃើញ​ជនជាតិ​ព័រ​មិន​ចោល​ទេ​របាំទន្សោង​ និង​របាំ​ក្ងោក​ពោធិ៍សាត់​ ។​ ពួក​គាត់​សម្ដែង​កំដរ​ពិធី​សុំ​សេចក្ដី​សុខ​ ឬ​សែន​ព្រេន​ក្នុង​ពេល​ចេញ​ទៅ​បេះ​ក្រវាញ​ ដង្កោ​ ឬ​រក​ថ្ម​កែវ​ ។​

ក្នុង​អំឡុង​ឆ្នាំ​១៩៦១​-១៩៦២​ ព្រះ​បាទនរោត្ដម​ សីហនុ​ សព្វ​ព្រះរាជហឫទ័យ​ចាត់​ប្រតិភូ​មួយ​ក្រុម​មាន​លោក​តា​ជួន​ លោក​តា​យ៉េន​ លោក​តា​ប៉ែន​ លន​ ទៅ​សិក្សា​ស្រាវជ្រាវ​របាំ​ក្ងោក​ពោធិ៍សាត់​ ដោយ​ជិះ​ដំរី​ទៅដល់​ភូមិ​ក្សេតបុរី​ ។​ ដោយ​យល់​ឃើញ​ថា​ របាំ​ក្ងោក​ពោធិ៍សាត់​ជា​របាំ​មួយ​ល្អ​ ប្រតិភូ​បាន​កែ​សម្រួល​ចងក្រង​ជា​ក្បាច់​រាំ​ពី​ជន​ជាតិ​ដើម​មួយ​ចំនួន​ ដើម្បី​ឱ្យ​ក្លាយ​ជា​របាំ​ដែល​មាន​លក្ខណៈ​របាំ​ប្រពៃ​ណី​ជាតិ​ ចង​ក្រង​ចេញ​ដោយ​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ​ និង​យក​សម្ដែង​ក្នុង​កម្មវិធី​សិល្បៈ​ជាតិ​ ។​

គ្រឿង​ភ្លេង​សម្រាប់​ជនជាតិ​ព័រ​លេង​របាំ​ក្ងោក​ពោធិ៍សាត់​មាន​តែ​ស្គរ​២​ ព្លយ​១​ និង​កង្ហែន​ ១​ប៉ុណ្ណោះ​ ។​ ចំពោះ​ការ​តុបតែង​ខ្លួន​ បុរស​គ្រាន់​តែ​ក្រវាត់​ក្រមា​នឹង​ចង្កេះ​ ឯ​ ស្រី​ៗ​វិញ​បង់​កក្រមា​ ។​

នៅ​ពេល​លោក​​ម៉ៅ​ សោភ័ណ​ ប្រមូល​ផ្ដុំ​ក្រុម​សិល្បៈ​សម្ដែង​ឡើង​វិញ​បាន​តុប​តែង​កន្ទុយ​ គឺ​យក​កន្ទុយ​ក្ងោក​ វែងៗ​ចង​តម្រៀប​គ្នា​មាន​ខ្សែ​ចង​ក្របួច​ពី​ក្រោយ​ភ្ជាប់​ទៅ​​ក្បាល​អ្នក​រាំ​  អាវក​មូល​ ដៃ​ខ្លី​ ពណ៌បៃតង​ ឬ​ពណ៌ស្លឹក​ឈើ​ប្រហាក់​ប្រហែល​នឹង​សត្វ​ក្ងោក​ដែរ​ ជ័រ​ជាយ​ពណ៌លឿង​ ។​ សម្រាប់​បុរស​ស្លៀក​សំឡុយ​ចងក្បិន​ ឯ​នារី​ស្លៀក​សំឡុយ​ស្រុង​ក្រោម​ជង្គង់​ ។​  អ្នក​របាំ​នាំ​គ្នា​រាំ​បែប​ពេន​ យឺតៗ​ទៅ​តាម​ចង្វាក់​ភ្លេង​ និង​រាំ​ជា​ហ្វូង​ទៅ​តាម​ក្រុម​តូច​ ឬ​ធំ​ ។​

ក្នុងការ​សម្ដែង​របាំ​ក្ងោក​ក្រៅពី​ការកម្សាន្ត​ និងធ្វើឱ្យមាន​ភាព​អ៊‌ឹកធឹក​នៅក្នុង​កម្មវិធី​អ្វីមួយ ជាពិសេស​បុណ្យចូលឆ្នាំ​ខ្មែរនោះ​អ្នកស្រុក​មាន​ជំនឿ​​ជឿជាក់​ថា​ របាំ​ក្ងោក​នេះជា​សក្ខីភាព​នៃ​ភាព​បរិសុទ្ធ​ជ្រះថ្លា ដែល​នាំមក​នូវ​សេចក្ដីសុខ​ចម្រើន ដោយ​យោងតាមរឿងព្រេង​មួយ​ ដែល​បាន​បង្ហាញថា ក្ងោក​នោះ​គឺជា​អ្នក​ដែល​ចេះ​ប្រៀន ចេះ​អាគម ចេះ​គាថា ចេះ​ទេសនា​ប្រៀនប្រដៅ​យ៉ាង​ពីរោះពិសា។ ដូចនេះ​ ការសម្ដែង​គឺ​ត្រាប់​តាមកាយវិការ​របស់​សត្វ​ក្ងោក​ ដែល​បាន​ក្លាយជា​អ្នក​ប្រៀនប្រដៅ​ ជា​គ្រូបាធ្យាយនៃ​បុត្រី​ស្ដេច​ដែល​មាន​នាទី​អប់រំ​ ដាស់តឿន ​រំ​ឮ​ក ឱ្យ​លុះ​ដោយ​ធម៌ ​តាម​គន្លង​ព្រះពុទ្ធសាសនា។

(ប្រភពពី kohsantepheapdaily)





ប្រវត្តិ​លោកតា ឃ្លាំង​មឿង

Written on Thursday, October 31, 2013 | 7:57 AM

បើតាមចាស់ៗខ្លះបានតំណាលដូចៗគ្នាថា លោក​តា មឿង មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកជាបុគ្គលម្នាក់ខ្លាំងពូកែ ចេះមន្តអាគមគាថាគ្រប់បែបយ៉ាងស័ក្តិសិទ្ធិ។ នៅពេលបានដំណឹងថា ព្រះបាទអង្គចន្ទរាជាត្រឡប់មកពីប្រទេសសៀម និងកំពុងតែលើកទ័ពតម្រង់ចូលមកខេត្តពោធិ៍សាត់ លោក​តា មឿង ក៏បានធ្វើសកម្មភាពបញ្ចុះបញ្ចូលឱ្យវង់ភ្លេងពិណពាទ្យប្រគំភ្លេងថ្វាយគ្រូ និងគុណបុណ្យបារមីស័ក្តិសិទ្ធិទាំង៨ទិស។ នៅពេលលោកតាលោតទៅក្នុងរណ្តៅ ដែលមានអាវុធដាវលំពែងបណ្តុះច្រូងច្រាងនៅក្នុងនោះ លោកធ្លាក់ទៅចំផ្លែដាវ ហើយក្បាលរបស់លោកក៏ដាច់ធ្លាក់ក្នុងពេលនោះទៅ។

"សម្ដេចចៅពញា ចន្ទ​រាជា កាល​ទ្រង់​ព្រះសណ្ដាប់​ចៅពញា​សួគ៌ា លោក​ទូល​សុំ​យ៉ាងនេះ​ទ្រង់​ពុំ​ជឿ​សោះ​ទេ ទើប​ទ្រង់​គ្រវី​ព្រះសិរសា ហើយ​ត្រាប់​ថា “​ពី​បុរាណ​រៀង​មក យើង​ពុំដែល​ឮ​ថា មានឈ្មោះ​ណា​ទៅ​កេណ្ឌយក​ខ្មោច​បិសាច​មក​ជួយ​ច្បាំង​មនុស្ស​ដល់ម្ដង​ឡើយ ណ្ហើយ​អ្នក​ចៅពញា​លែង​គិតគំនិត​បែប​នេះ​ទៅ​ចុះព្រោះ​ជា​គំនិត​មិន​ដែលមាន​អ្នក​ណា​គិត​មក​ពី​មុន​ផង និង​ជា​កិច្ចការមួយ​ដែល​ខ្ញុំ​មិន​ជឿ​ថា មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ផង​”​។

ចៅពញា​សួគ៌ា​លោក មឿង ក្រាបទូល​ថា បើ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឱ្យ​គិត​ធ្វើ​តាមចំណេះ និង​តាម​មន្ដ​វិជ្ជាការ​ទូលព្រះបង្គំ​ទេនោះ​ ទូលព្រះបង្គំ​នឹង​អា​រក​ឱ្យ​ស្លាប់​នៅ​ទី​នេះ ក្នុង​ឥឡូវនេះ​ហើយ ព្រោះ​បើ​នឹង​រស់នៅ​តទៅក៏​មិន​បាន​ជួយ​យកអាសា​ផែនដីថ្វាយ​ព្រះ​អង្គដល់​កម្រិត​ដែរ​” ។ ថា​ហើយ​ចៅពញា​សួគ៌ាលោក មឿង ក៏​ហូត​ដាវ និង​អា​រកតាមពាក្យ​ដែល​ខ្លួន​បាន​ក្រាបទូល ។ ខណៈនោះសម្ដេចចៅពញា ចន្ទ​រាជា ទ្រង់​ក្រឡេក​ព្រះនេត្រា​ឃើញ​ទាន់​ក៏​ទ្រង់​ស្ទុះ​ទៅ​ចាប់​ដាវ​នោះចេញពី​ដៃ ហើយ​ទ្រង់​ត្រាស់​ថា “​កុំ!​កុំ!​ចៅពញា កុំ​សម្លាប់​ខ្លួនខ្ញុំ​ស្ដាយ​លោក​ណាស់ ខ្ញុំព្រម​តាម​ចៅពញា​ហើយ ដូច្នេះ​បើ​ចៅពញាគិត​ឃើញ​ដូច​ម្ដេច​ស្រួល សូម​ចៅពញា​ធ្វើតាម​គំនិត​នោះ​ចុះ​”​។
ចៅពញា​សួគ៌ាលោក​ឮហើយ​ មាន​ចិត្តអំណរ​ណាស់ ទើប​ថ្វាយបង្គំ​លាចេញ​មក​ក្រៅ​ដំណាក់ ហើយ​ក៏​ចាត់​កូនទាហាន​ឱ្យ​ជីករណ្ដៅ​ធំ​មួយ​ជម្រៅ​៨​ហត្ថ ៤​ជ្រុង ឲ្យធ្វើ​រាន​ទេវតា​៧​ថ្នាក់ដាក់​បាយសី ទឹកអប់ និង​គ្រឿង​បូជា ហើយ​ឲ្យធ្វើ​រាជវ័តិព័ទ្ធ​ជុំវិញ ។ លុះ​ពួក​ពល​ធ្វើ​តាម​បង្គាប់​សព្វគ្រប់​ហើយ​ចៅពញា​សួគ៌ា​លោក មឿង ក៏ស្លៀក​ស​ពាក់​ស ហើយ​ឲ្យ​រៀប​ភ្លេង​ចាំ​ប្រគំទាំង​៨​ទិស​។
រឿង​ពញា​មឿង(១)​នេះ​មាន​ក្នុង​ព្រះរបាក្សត្រ​ថា ពញា​មឿង​ជា​មេ​ស្មឹងមានកូនប្រុស​៤​នាក់ គឺ​ឈ្មោះ​កែវ​១ កែ​១ (២) ទេព​១ សុខ​១ ។ ពញា​មឿង មាន​សម្លាញ់ម្នាក់​ឈ្មោះ​ចន្ទ​ ធ្វើ​ជា​ជំទប់​មេ​ស្មឹង​ក្រវាញ​។ ក្នុង​គ្រានោះ សម្ដេចចៅពញា​ចន្ទ​រាជាព្រះ អង្គ​មាន​អ្នកម្នាង​ម្នាក់​ឈ្មោះ​អ្នក​ម្នាង​ខៀវ ។ អ្នក​ម្នាង​ខៀវ​នោះ​ទ្រង់​គភ៌​៧​ខែហើយ​ ហើយអ្នកម្នាង​មាន​បាវ​ស្រី​មួ​យ​ឈ្មោះ​នាង​ពេញ​។
សាស្ដ្រា​របាក្សត្រ​នេះនិយាយ​ទៀត​ថា ក្នុង​គ្រា​ដែល​សម្ដេចចៅពញា​ ចន្ទ​រាជា ស្ដេចលើកទ័ព​ពី​ក្រុង​ស្រី​អយុធ្យា​មក​ខេត្ដ​ពោធិ៍សាត់​នោះ ពញា​មឿង នាំ​ដំរីសេះ​ជា​ច្រើនទៅ​ថ្វាយ​ទុក​ធ្វើសង្គ្រាម​ប្រយុទ្ធ​នឹង​ព្រះ​ស្រីជេដ្ឋា​(​ស្ដេច​កន​)​។ សម្ដេចចៅពញា​ ចន្ទ​រាជា ស្ដេច​មក​ដល់​ខេត្ដ​ក្រគរ​បាន​តយុទ្ធ​នឹង​ទ័ពព្រះ​ស្រី​ជេដ្ឋា ប៉ុន្ដែ​ខាង​ទ័ព​ព្រះ​ស្រី​ជេដ្ឋាឈ្នះ​។
សម្ដេចចៅពញា​ ចន្ទ​រាជា ទ្រង់​ឃើញ​ទ័ពព្រះ​អង្គ​ចាញ់​ទ័ព​ព្រះ​ស្រី​ជេដ្ឋាដូច្នេះ​ ព្រះ​អង្គក៏​ថយ​ទៅ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​មាន​ជ័យ (៣) ខេត្ដពោធិ៍សាត់ក្នុង​ឃុំ​បាក់​នឹម​វិញ​។ ខណៈនោះពញា​មឿង​កាល​ឱ្យ​ពល​ជីករណ្ដៅជម្រៅ​៨​ហត្ថ​៤​ជ្រុងហើយ​ ​ក៏​ថ្វាយបង្គំ​លាសម្ដេចចៅពញា​ ចន្ទ​រាជា ទៅ​កេណ្ឌ​បិសាច​ឱ្យជួយ​ធ្វើសង្គ្រាម​។ មុន​នឹង​ទៅ​កេណ្ឌ​បិសាចនោះ ​ពញា​មឿង​បាន​ផ្ដាំ​នឹង​ពញា​ ចន្ទ​ ជា​សម្លាញ់ ដែល​ជា​ជំទប់​មេ​ស្មឹង​ភ្នំក្រវាញ​ថា “​ឱ្យ​សម្លាញ់ឯង​នៅ​ជា​មេ​ស្មឹង​ជំនួយ​អញ​ ដើម្បី​និយាយត​ពី​ព្រះមហាក្សត្រ​មក​អញកុំបី​ឱ្យ​ព្រះ​អង្គនិយាយ​ផ្ទាល់​នឹង​អញ​ឡើយមួយទៀត​ បើដល់​វេលា​យប់ ថ្ងៃ​ពេញបូណ៌មី​ ខែ​ពិសាខ បើ​ឯង​ឮ​សូរ​សន្ធឹក​ខ្ទរខ្ទារ​មេឃ​ក្នុង​ដីហើយ​ ឱ្យឯង​ក្រាប​បង្គំ​ទូល​ព្រះ​បរមបពិត្រ សូម​ឱ្យ​ទ័ពទៅ​ចោម​បន្ទាយ​សត្រូវ​ជា​ប្រញាប់​ចុះ​”​។
ឯ​អ្នក​ម្នាង​ខៀវ កាល​ឮ​ថា​“​ពញា​មឿងសម្លាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច ក៏​មានចិត្ដ​ឈឺឆ្អា​ល​ជួយ​ផែនដី​ដែរ។ កាល​ឃើញ​ពញា​មឿង​ចូល​ក្នុង​រោង​រាជវ័តិ តាំង​ពិធីបួងសួងទេវតា​ដូច្នោះ​អ្នក​ម្នាង​ក៏​ថ្វាយបង្គំ​លាស​ម្ដេចចៅពញា​ចន្ទ​រាជា ​ចូល​ទៅ​ក្នុង​ទី​ព្រះរាជ​ពិធីដែរ​។ លុះ​បួងសួង​ទេវតា​ស្រេច​ហើយអ្នក ម្នាង​ខៀវ និង​ពញា​សួគ៌ា​លោក​មឿង ក៏​លោតទាំង​ពីរ​នាក់​ទៅ​ក្នុង​រណ្ដៅ​។ ព្រះ​បរម​ពិ​ត្រ និង​បណ្ដា​ជា​ខ្ញុំ​ក្រុម​រាជការ​ជួយ​ឃាត់​ផង ក៏​ពុំស្ដាប់​។ ក្នុង​គ្រានោះ​កូន​ពញា​មឿង​៤​នាក់ ដែល​ព្រះ​បរមបពិត្រ​ស្ដេច​បាន​តាំង​ជាម​ន្ដ្រី ទាំង​៤​នាក់​រួច​ហើយ​នោះ គឺ​១-​ឈ្មោះ​កែវ ទ្រង់​បាន​តាំង​ជា “​ចៅពញា​វង្សាអគ្គរាជ​” ២-​ឈ្មោះ​កែ​ទ្រង់​បាន​តាំង​ជា​“​ចៅពញាបរទេស​រាជ​” ៣-​ឈ្មោះ​ទេពទ្រង់​បាន​តាំង ជា​“​ចៅពញា​វិបុល​រាជ​” ៤-​ឈ្មោះ​សុខ ទ្រង់ បាន​តាំង​ជា “​ពញា​រាជតេជះ​”​។
កូន​ទាំង​៤​នោះ កាល​ឃើញ​បិតា​លោតសម្លាប់​ខ្លួន​ទៅ​កេណ្ឌ​បិសាច​ដូច្នោះ ក៏​និយាយគិត​គ្នា​ថា​“​បិតា​យើង​ទៅ​តែ​ម្នាក់ឯងគ្មាន​គេទៅ​ជួយ​បម្រើជួយ​គិត​កេណ្ឌ​បិសាច​ផង​សោះ បើ​យ៉ាងនេះ​ក្រែង​ឪពុក​យើង​ធ្វើការ​នេះ​ពុំទាន់​ការ ដូច្នេះ​ត្រូវ​យើង​កេណ្ឌ​ទ័ព​ខ្មោចជាមួយនឹង​គាត់​”​។ ថា​តែ​ប៉ុណ្ណោះ​កូន​ទាំង​៤ នាក់​នោះ​ក៏​ស្ទុះ​លោត​ទៅ​តាម​បិតា​ទាំងអស់គ្នា តែ​ខណៈនោះខ្ញុំ​រាជការ​ចាប់​មិន​ឱ្យ​លោតតាម​ដើម្បី​ឃាត់​ឱ្យ​នៅ​ធ្វើ​រាជការ​បាន​ពីរនាក់​មក​វិញ គឺ​ចៅពញា​វិបុល​រាជ​ ទេព​១ ចៅពញា​រាជតេជះ សុខ​១ ។ ឯ​ចៅពញា​វង្សាអគ្គរាជ កែវ និង​ចៅពញា​បរទេស​រាជ កែ (​ឬ​អង់​) ជា​កូន​ទី​២នោះ​ រាជការ​ចាប់ឃាត់​ពុំ​ទាន់ ក៏​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ស្លាប់ជាមួយ​បិតា​ទៅ ។ អ្នក​ម្នាង​ខៀវ​ក៏​លោតសម្លាប់​ខ្លួន​ទៅ​ក្នុង​រណ្ដៅ​រួមគ្នា ​ជា​៤​នាក់ ។ ខ្មោចទាំង​៤​នាក់​នោះ បាន​កើត​ឡើងជា​ដំបូកឃ្លាំង​មឿង(​៤)​ដល់​សព្វ​ថ្ងៃនេះ​។
លុះដល់​ព្រះ​ចន្ទ​ចរ​ត្រង់​ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នោះ ក៏​ស្រាប់តែ​ឮ​សូរ​សន្ធឹកខ្ទរខ្ទារ​មហិមា​នៅ​លើ​មេឃ និង​នៅ​ក្នុង​ដីនាំ​ឱ្យ​ភិតភ័យ​តក្កមា​ក្រៃ​លែង ហាក់បីដូចជាកក្រើក​ក្រឡា​មហាប្រឹថពី​។ ខណៈនោះពញា​ ចន្ទ ​មេ​ស្មឹង​យក​សេចក្ដី​ក្រាប​បង្គំ​ទូលសម្ដេចចៅពញា​ ចន្ទ​រាជា​ តាម​បណ្ដាំ​ចៅពញាសួគ៌ា​លោក​មឿង ដែល​បាន​ផ្ដាំ​នោះ។ សម្ដេចចៅពញា​ ចន្ទ​រាជា ក៏​លើកទ័ព​ចេញ​ទៅចោម​បន្ទាយ​សត្រូវ​។ ឯ​កងទ័ព​សត្រូវ​បានឮសូរ​សន្ធឹក​ខ្ទរខ្ទារ​លើក​មក​ក្នុង​ដី​លើ​មេឃសន្ធឹក​ដូច​ជា​រន្ទះ​ដូច្នោះ​ ក៏​ភិតភ័យ​ញ័រ​ជើងញ័រ​ដៃ រន្ធត់​តក់ស្លុត​រត់​ចោល​បន្ទាយចោលសា​ស្ដ្រាវុធ​ រត់គេច​ដោះខ្លួន​ឱ្យ​រួច​ជីវិត​តែ​សព្វខ្លួន ។ សម្ដេចចៅពញា ​ចន្ទ​រាជា ព្រះ​អង្គ​លើកពល​យោធា​ចូល​ក្នុង​បន្ទាយ​ស​ត្រូវ ហើយទ្រង់​ចាត់​កងទ័ព​ឱ្យ​ដេញ​តាម​ទ័ព​ស​ត្រូវទៅ​។ ព្រះ​អង្គ​បាន​គ្រឿងសាស្ដ្រាវុធ ស្បៀង អាហារ សេះ ដំរី ជា​ច្រើន ដែល​មាននៅ​ក្នុងបន្ទាយ​នោះ​ទាំង​ប៉ុន្មាន​។
ថ្ងៃ​ក្រោយមកនាង​ពេញ​ជា​បាវ​អ្នក​ម្នាង ខៀវ បានដឹង​ថា ចៅហ្វាយ​របស់​ខ្លួន​ស្លាប់ទៅ​ហើយ ហើយ​ទៅ​កើតជា​បិសាច​រក្សាស្រុក​ដូច្នោះ​ នាង​អធិដ្ឋាន​ថា “​ខ្ញុំ​សូម​ឱ្យ​បានទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ ហើយ​ឱ្យ​បានជា​ផ្នូ​កផ្នូល​ព្រះ​នគរ​” លុះ​បួងសួង​ស្រេច​ហើយ នាងពេញ​ក៏​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារក្រោម​នេះ ហើយ​ស្លាប់​ទៅ​កើតជា​បិសាចស្ថិត​ក្នុង​ទី​ដែល​មាន​ដំបូក​ទាំង​៣​។
អ្នក​ម្នាង​ ខៀវ​ កើតជា​ដំបូក​មួយ​នៅ​ខាងជើង ពញា​ មឿង ​កើតជា​ដំបូក​មួយ​នៅ​ខាងត្បូង វង្សាអគ្គរាជ ​កែវ និង​បរទេស​រាជ ​កែ ដែល​ជា​កូន​ពញា​សួគ៌ា​លោក​មឿង​នោះ កើតជា​ដំបូក​មួយ​នៅ​ខាងលិច ។ ដំបូក​ទាំង​៣ដុះ​ជាប់​គ្នា​ជា​៣​មុំ​ទៅ​ជា​ដំបូក​ផ្នូ​ក​ផ្នូលនៃ​ព្រះនគរ​ដូចដែល​នឹង​និយាយ​ក្នុង​ទំនាយ​ខាង​ដើមនេះ ៖
១-​ដំបូក​ខាងជើង គឺ​ដំបូក​អ្នក​ម្នាង​ខៀវជា​ដំបូក​ផ្នុ​ក​ផ្នូល​ខាង​ម្ចាស់ផែនដី​។
២-​ដំបូក​ខាងត្បូង គឺ​ដំបូក​ពញា​មឿង ជា​ដំបូក​ផ្នុ​ក​ផ្នូល​ខាង​ចៅហ្វាយស្រុក​។
៣-​ដំបូក​ខាងលិច គឺ​ដំបូក​កូន​ពញា មឿង ទាំង​ពីរ​នាក់​ជា​ដំបូក​ផ្នូ​ក​ផ្នូល​ខាង​ក្រវាញ​។
៤-​កោះ​មួយ​នៅ​ក្នុង​ស្ទឹង​នៃ​ខេត្ដ​ពោធិ៍សាត់នៅ​ផ្សារ​ក្រោម​ជា​កោះ​នាង​ពេញ ។ កោះ​នេះ​ជា​ផ្នូ​ក​ផ្នូល​ខាង​ចៅហ្វាយស្រុកដែរ​។  "
សំគាល់ៈ​ 
(១)​ពញា​មឿងៈ​ឧកញ៉ា​ឃ្លាំង មឿង​,
(២)​កែ ៖ សាស្ដ្រា​វត្ដ​កំពង់ត្រឡាច​ថា ឈ្មោះ​អង់​,
(៣)​បន្ទាយ​មាន​ជ័​យៈ​ភូមិ បន្ទាយ​ជ័យ​សព្វថ្ងៃ​,
(៤)​ឃ្លាំងមឿង ៖ អ្នកខ្លះ​យល់​ថា “​ឃ្លាំងមឿង​”​នេះ​មិនមែន​ជាឈ្មោះ ឬ​ជា​ងារ​សក្ដិ​របស់​រូប​មន្ដ្រី​ដែល​បានប្ដូរជីវិត ដើម្បី​បូជា​ទឹកដី​នោះ​ទេ​ ថាពាក្យ “​ឃ្លាំងមឿង​”​ នេះ​ជា​ពាក្យ​សៀម​ក្លាយ​គឺ​ក្លាយពី​ពាក្យ​សៀម​មែនទែន​ថា  “​ខ្លា​ង​មឿង​” ប្រែថា អ្នកតា​ចាស់​ស្រុក ៕

សូមទស្សនាវីដេអូខាងក្រោមបន្ថែម


សូមទស្សនាវីដេអូខាងក្រោមផងដែរ (មានកំហុសឆ្គងមួយចំនួនដូចជាឈ្មោះ title, subtitle និងនាទីអ្នកម្នាង ខៀវ ដែលមិនមែនជាប្រពន្ធរបស់លោកឧកញ៉នោះទេ)



អត្ថបទ​ដកស្រង់ពី ឯកសារមហាបុរសខ្មែរ។

អំពី ​កោះ​សំពៅ​មាស

Written on Wednesday, October 30, 2013 | 5:26 PM


​

កោះ​សំពៅ​មាស ជា​ដី​មួយ​ដុំ​ដុះ​កណ្ដាលស្ទឹងពោធិ៍សាត់ មាន​ទទឹង ៥០ ម៉ែត្រ បណ្ដោយ​ជាង ២០០ ម៉ែត្រ មាន​សណ្ឋាន​ដូចជា​សំពៅ កំពុង​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​មហាសាគរ​។​ ​កោះ​នេះ​ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ធ្វើការកែខៃ​ច្នៃប្រឌិត​ចាក់​បេតុង​ជុំវិញ​កោះ ហើយ​នៅ​ផ្នែក​ខាងលើ​កោះ​បានធ្វើ​សួនច្បារ​ដាំ​ដើមឈើ ​ធ្វើជា​រោង​វេទិកា ដាក់​ដងក្ដោង ដងទង់​ជាតិ ហើយ​រចនា​ផ្នែក​ជុំវិញ​លាបថ្នាំ​ចម្រុះ​ពណ៌​ និង​ដាំ​បង្គោល​ភ្លើង​យ៉ាងច្រើន ដែល​មើលទៅ​ដូចជា​សំពៅ​ដ៏​ថ្មីសន្លាង​ កំពុងបើក​កណ្ដាលស្ទឹង​បញ្ច្រាស​ទឹក​ហូរ​ មក​ជាប់​នៅមុខ​សាលាខេត្ត ក្នុង​ទីប្រជុំជន​យ៉ាង​ដូច្នេះ​ដែរ។​


​ការធ្វើ​កោះ​សំពៅ​មាស ដោយ​រចនា​ដូច​សំពៅ​បេះបិទ​នោះ បានចាប់ផ្ដើម​ធ្វើឡើង​ទន្ទឹមគ្នា​ជាមួយនឹង​ស្ពាន​ថ្មី​មួយ​ដែល​ឆ្លង​ពី​ថ្នល់​ខាងលិច​ទៅខាង​កើត កាលពីដើមឆ្នាំ​២០០៨ ដែល​ស្ពាន​នោះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ដី​កោះ​ដែល​ធ្វើ​ឲ្យ​ដូច​សំពៅ​នោះ បាន​ស្ថាបនា​រួចរាល់​ហើយ ហើយ​ត្រូវដាក់​សម្ពោធ​​ជា​ផ្លូវការកាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០០៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ពិធី​ដ៏​អធិកអធម​នេះ បានធ្វើ​បុណ្យ​ដល់​ទៅ ៣ថ្ងៃ ៣យប់ ចាប់ពី​ល្ងាច​ថ្ងៃទី​៩ មករា ដល់​ថ្ងៃទី​១២ មករា ២០០៩ ទើប​ចប់។ ក្នុង​រយៈពេល ៣ថ្ងៃ ៣យប់​នេះ មាន​ក្រុម​កំប្លែង ក្រុម​អ្នកចម្រៀង​មកពី​ភ្នំពេញ​លេង​កំដរ នឹងមាន​បាញ់​កាំជ្រួច​ទាំងបី​យប់។​

​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ខេត្តពោធិ៍សាត់​ទទួលបាន​ហើយ​បានធ្វើ​ឲ្យ​ទី​រួម​ខេត្ត​កាន់តែ​ស្រស់​បំពង អាចដាក់​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ជា​រៀងរាល់ថ្ងៃ​គ្រប់ពេលវេលា​មិន​ថ្ងៃ ឬ យប់​ឡើយ​។ ទន្ទឹមនឹង​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ អាជ្ញាធរខេត្ត​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ខេត្ត​តាំងពី​កន្លងមក​រហូត​ទៅមុខ​ទៀត ជាពិសេស​អភិវឌ្ឍន៍​ស្ពាន​ថ្នល់​ លូទឹកស្អុយ ក៏ដូចជា​ការអភិវឌ្ឍ​នៅ​កន្លែង​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូលមក​កាន់​ខេត្តពោធិ៍សាត់​ឲ្យ​បាន​ច្រើន ព្រោះ​តាមរយៈ​វិស័យ​ទេសចរណ៍​នេះ មាន​ប្រភព​ចំណូល​សំខាន់​ណាស់ ដែលជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។​

​ទាន់​ទិន​នឹង​កោះ​សំពៅ​មាស​នេះ មិនមាន​ឯកសារ​ណា​ច្បាស់លាស់​ដើម្បី​បញ្ជាក់​ពី​ប្រវត្តិ​ទាក់ទង​នឹង​កោះ​នេះ​ទេ គ្រាន់តែ​ឮ​គេ​ដំណាល​តៗ​គ្នា​តាមរយៈ​រឿងព្រេង​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ តាម​ចាស់ៗ​និយាយថា មាន​សំពៅ​មួយ​ដែល​មកពី​ស្រុក​ចិន បាន​ចូលមក​ដឹកទំនិញ​នៅ​ម្ដុំ​ផ្សារ​ក្រោម​ខេត្តពោធិ៍សាត់​នេះ តែ​បាន​លិច​ហើយដោយ​មិនអាច​ស្រង់​វិញ​បាន ​ទឹក​ដែល​ហូរ​បាន​នាំ​ល្បាប់​ដី​មកព័ទ្ធ​ជុំជិត​ទីនោះ ហើយក៏​បានក្លាយ​ទៅជា​កោះ។ រឿងនេះ​មិនដឹង​កើតឡើង​កាលពី​ប៉ុន្មាន​រយ​ឆ្នាំ​មកហើយ​នោះទេ តែ​អ្នកខ្លះ​បាន​តំណាល​ថា កោះ​សំពៅ​មាស​នោះ គឺជា​កន្លែង​ដែល​នាង​ពេញ​ជា​បាវបម្រើ​អ្នក​ម្នាង ខាន់ ខៀវ បាន​ទៅ​លោត​ទឹកស​មា្ល​ប់​ខ្លួន​តាម​ចៅហ្វាយ​របស់គេ ដែល​​ឧកញ៉ា​មឿង និង​​កូន​ពីរ​នាក់​ទៀត បាន​លោត​ចូលទៅក្នុង​រណ្ដៅ​មួយ ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ប្រយុទ្ធ​ជាមួយ​សត្រូវ​សៀម ដែល​កាលណោះ​មាន​ស្ដេច​អង្គ ចន្ទ រាជា ប្រយុទ្ធ​ជាមួយនឹង​សៀម ។​
​រឿងព្រេង​នោះ បាន​តំណាល​ទៀតថា នាង​ពេញ​ពេល​លោតទឹក​នោះ បាន​បួងសួង​ថា “ ខ្ញុំ​សូម​ឲ្យ​បាន​ទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ ហើយ​បាន​ឲ្យ​កើតជា​បិសាច​នៅ​ស្រុក​នេះ ” ។ ពេល​បួងសួង ហើយ​នាង​ពេញ​ក៏​ទៅ​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារ​ក្រោម​នោះ ហើយ​បាន​កើតជា​បិសាច​ ដែល​កើត​បាន​ទៅជា​ដំបូក​។​

​ចំណេរ​ចេ​កាល​ក្រោយមក​ មាន​ប្រផ្នូល​នៃ​ដំបូក​នាង​ពេញ កន្លែង​ដែល​នាង​ពេញ​លោតទឹក​ស្ទឹង​សម្លាប់ខ្លួន​នោះ ទំនាយ​ទាយ​ថា បើ​ច្រាំង​ស្ទឹង​ដុះ​លូតលាស់​ល្អ ទំនាយ​ថា ចៅហ្វាយស្រុក​ក្សេមក្សាន្ត។ បើ​ច្រាំង​បាក់​រេច​រិល​ ទំនាយទាយ​ថា ចៅហ្វាយស្រុក​នេះ​មានទុក្ខ​ក្នុងផ្ទះ ឬ​មានទុក្ខ​ពី​រាជការ ។ បើ​ច្រាំង​ស្ទឹង​នេះ​បាក់ ​ទំនាយ​ទាយ​ថា ចៅហ្វាយស្រុក​នឹង​អស់បុណ្យ។​

​ជាមួយគ្នា​នោះដែរ កាលពី​ប្រមាណ​ជាង ៦០ ឆ្នាំមុន ទីកន្លែង​កោះ​សំពៅ​មាស​នេះ មាន​គេ​រើស​បាន​រូប​បដិមា​ធ្វើ​ឈើ​មួយអង្គ មានពុក​បាក់​ខ្លះ។ ​តាមរចនាបទនោះ ​គេ​យល់ថាជា​ព្រះអង្គ​ចៅសែន ហើយ​គេ​យកពុទ្ធបដិមា​នោះ​ទៅ​តម្កល់ទុក​នៅមុខ​សាលាខេត្ត​ពោធិសាត់។ បច្ចុប្បន្ន​កន្លែង​នោះ​ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់​ធ្វើជា​អាស្រម​ សម្រាប់​តម្កល់​ព្រះអង្គ​ចៅសែន ឲ្យ​គត់មត់​ផងដែរ៕​


ប្រភពពី cen.com.kh

ប្រវត្តិ​​ឈ្មោះ​​ ពោធិ៍​សាត់​ និងបាកាន

Written on Wednesday, October 23, 2013 | 5:47 AM


តាម​សៀវ​ភៅ​វចនានុ​ក្រម​ខ្មែរ​ ឬ​វចនា​នុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត​ ទំព័រ​៧៧៩​ បាន​បញ្ជាក់​ពី​ប្រវត្តិ​និទាន​ឈ្មោះ​ខេត្ត​ពោធិ៍​សាត់​ ។ ពាក្យ​ថា​ «ពោធិ៍​សាត់»​ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​នៅ​ខាង​កើត​ខេត្ត​បាត់​ដំបង​ ។ តាម​ពាក្យ​បរម្បរាពី​ព្រេង​នាយ​តំណាល​ថា មាន​ដើម​ពោធិ៍​តូច​មួយ​ដើម​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក​ គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​ទី​មួយ​ ។ដោយ​ហេតុ​នេះ​ ទើប​ឱ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា​ «ពោធិ៍​រសាត់​» ព្រោះ​ពាក្យ​ថា​រសាត់​ និង​សាត់​នេះ​ ជា​ពាក្យ​តែ​មួយ​ប្រើ​ជួស​គ្នា​បាន​ ។ លុះ​ចំណេរ​កាល​យូរ​អង្វែង​មក​ក្លាយ​ជា​ «ពោធិ៍សាត់​» សព្វ​ថ្ងៃ​នេះ​តាំង​ជា​ទី​រួម​ខេត្ត​ ហៅ​ថា​ «ខេត្ត​ពោធិ៍​សាត់​» ។វចនា​នុក្រម​ខ្មែរ​ បាន​ពន្យល់​ដែរ​ថា​ ចំណែក​ក្រូច​មួយ​ប្រភេទ​ក៏​ហៅ​ឈ្មោះ​តាម​ឈ្មោះ​ខេត្ត​ពោធិ៍​សាត់​ដែរ​ គឺ​ក្រូច​ពោធិ៍​សាត់​ ព្រោះ​ក្រូច​ប្រភេទ​នេះ​កើត​មាន​នៅ​ខេត្ត​ពោធិ៍​សាត់​ជា​ដំបូង​គេ​បង្អស់​ ។​​ គួរ​កុំ​ហៅ​ថា​ខេត្ត​ពោធិសត្វ​ ក្រូច​ពោធិសត្វ​ ព្រោះ​ពោធិ៍សាត់​ និង​ពោធិសត្វ​ ពាក្យ​ទាំង​ពីរ​នេះ​ មាន​អត្ថន័យ​ផ្សេង​គ្នា​ឆ្ងាយ​ណាស់​ ។
ទាក់​ទិន​នឹង​ស្ទឹង​ពោធិ៍​សាត់​វិញ​ តើ​មាន​ប្រវត្តិ​យ៉ាង​ណា​ ?
លោក រស់​ សំណាង​ អនុប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍​សាត់​ បញ្ជាក់​ថា​ ស្ទឹង​ពោធិ៍រសាត់​ ពី​មុន​ គឺ​ស្ទឹង​ដែល​ហូរ​ប្រប​វត្ត​បាកាន​ កាត់​ឃុំ​អូរ​តាប៉ោង​ ហូរ​ចាក់​ពី​ក្បាល​ស្ទឹង​ចូល​ទៅ​បឹង​ទន្លេ​សាប​ ។ ស្ទឹង​បច្ចុប្បន្ន​នេះ​គឺ​បែក​ពី​ក្បាល​ស្ទឹង​មក​ដែរ​ មូល​ហេតុ​ដោយ​ការ​ទប់​កាត់​ក្បាល​ស្ទឹង​ចំណុច​ទំនប់​ដប់​បាត្រ​​ដើម្បី​ចាប់​ក្រពើ​លេប​កូន​ស្តេច​ ទើប​ស្ទឹង​នេះ​បែក​ចេញ​មក​ស្ទឹង​ពោធិ៍​សាត់​ សព្វ​ថ្ងៃ​នេះ​វិញ​ ហើយ​ស្ទឹង​ពោធិ៍​រសាត់​ចាស់​នោះ​ លែង​មាន​ទឹក​ហូរ​ពី​ក្បាល​ស្ទឹង​មក​ដូច​មុន​ទៀត​ ។
មាន​រឿង​និទាន​ថា​ ក្នុង​សម័យ​ថ្ងៃ​មួយ​ មាន​ហេតុ​ចម្លែក​មួយ​គួរ​អស្ចារ្យ​ណាស់​ អ្នក​ស្រុក​ប្រប​មាត់​ព្រែក​ស្ទឹង​ពោធិ៍​សាត់​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​មាន​ដើម​ពោធិ៍​តូច​មួយ​ដើម​អណ្តែត​ច្រាស​ទឹក​ពី​បឹង​ទន្លេ​សាប​ឡើង​មក​ ។ ម្នាក់ៗ​ឃើញ​ដូច្នេះ​នាំ​គ្នា​យក​ខ្សែ​ពួរ​ទាក់​អូស​ដើម​ពោធិ៍​ឡើង​គោក​ តែ​ទាញ​មិន​ឈ្នះ​សោះ​ គេ​ក៏​ដាក់​ឈ្មោះ​ភូមិ​នោះ​ថា​ «ភូមិ​ព្រះ​មិន​នៅ​» ក្រោយ​មក​បាន​ក្លាយជា​​ពាក្យ​ថា​ «ភូមិ​ព្រះ​ម្លូ»​ ដល់​សព្វ​ថ្ងៃ​នេះ​ ។ ដើម​ពោធិ៍​ចេះ​តែ​អណ្តែត​ច្រាស​ទឹក​មក​ដល់​ភូមិ​មួយ​ អ្នក​ស្រុក​នាំ​គ្នា​រាយ​ខ្សែ​ពួរ​ទាក់​ម្តង​ទៀត​ចង​នឹង​ដើម​ចារ​ដ៏​ធំ​នៅ​ប្រប​មាត់​ស្ទឹង​ក៏​ទាញ​ដើម​ចារ​នោះ​ដួល​ផ្អៀង​ចោល​ស្លឹក​ទៅ​ក្នុង​ស្ទឹង​យុល​ ហើយ​របូត​អណ្តែត​ឡើង​បន្ត​ទៀត​ ។ ទីនោះ​ជាប់​ពាក្យ​តៗ​គ្នា​ថា​ «ភូមិ​ចារ​យុល​» គ្រាម​ភាសា​កម្លាយ​មក​ជា​ «ភូមិ​ចាយ៉ូវ» រហូត​រៀង​មក​ ។
លុះ​ដើម​ពោធិ៍​​រសាត់​ដល់​ទី​វត្ត​បា​កាន​បច្ចុប្បន្ន​ដែល​ពេល​នោះ​មិន​ទាន់​បាន​ក្លាយ​ជា​វត្ត​នៅ​ឡើយ​ទេ​ គឺ​មាន​តែ​ប្រាសាទ​មួយ​នៅ​សតវត្ស​ទី​១៦​ ឈ្មោះ​ប្រាសាទ​ព្រះ​ខាន់​ (តាម​ការ​ស្រាវ​ជ្រាវ​របស់​សាលា​បារាំង​ចុង​បូព៌ា) អ្នក​ស្រុក​នាំ​គ្នា​ដុត​ទៀន​ ធូប​ បួង​សួង​ ហើយ​នាំ​គ្នា​ទាក់​ម្តង​ទៀត​ ។
តាម​ការ​និទាន​ពី​ព្រឹទ្ធា​ចារ្យ​ជា​ច្រើន​នាក់​ថា​ គេ​ប្រើ​ខ្សែ​អំបោះ​តែ​៧សរសៃ​ប៉ុណ្ណោះ​ទាក់​ដើម​ពោធិ៍​តូច​នោះ​ជាប់​ ទាញ​ឡើង​ប្រតិ​ស្ឋាន​ដាំ​ប្រប​ប្រាសាទ​ថ្ម​ ហើយ​អ្នក​ស្រុក​អ្នក​ភូមិ​ត្រេក​អរ​ណាស់​នាំ​គ្នា​ស្រែក​ព្រម​គ្នា​ថា​ «បាន​ការ​ហើយ​ បាន​ការ​ហើយ​» ទី​នោះ​ជាប់​ឈ្មោះ​ថា​ «ភូមិ​បាន​ការ​» ។ ក្រោយ​មក​ដោយ​សារ​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ទៀត​នោះ​ បាន​ប្តូរ​ និង​កម្លាយ​មក​ជា​ «បាកាន​ ឬវត្ត​បាកាន​» វិញ​ ។ ចំណែក​ស្ទឹង​នោះ​ជាប់​នាម​ថា​ «ស្ទឹង​ពោធិ៍​រសាត់​ ឬ​ស្ទឹង​ពោធិ៍​សាត់» ។ដើម​ពោធិ៍​នោះ​ដុះ​នៅ​ក្នុង​វត្ត​បាកាន​ប្រប​នឹង​ប្រាសាទ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ៕


ប្រភពពី k
ohsantepheapdaily