អត្ថបទ​ថ្មី​ៗ

Showing posts with label Kravanh. Show all posts
Showing posts with label Kravanh. Show all posts

របាំ​ក្ងោក​​ពោធិ៍សាត់ - Peacock Dance

Written on Saturday, April 5, 2014 | 1:33 AM

របាំ​ក្ងោក​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ​របាំ​ក្ងោក​ប៉ៃលិន​និង ប្រភេទ​របាំ​ក្ងោក​ពោធិ៍សាត់។ របាំ​ក្ងោក​ទាំងពីរ​ប្រភេទ នេះ​មាន​លក្ខណៈ​ខុសគ្នា។

នៅ​ស្រុក​ភ្នំ​ក្រវាញ​មាន​ភូមិ​មួយ​ឈ្មោះ​ក្សេតបុរី​ ទីដែល​ជន​ជាតិ​ព័រ​រស់​នៅ​ច្រើន​ ។​ ជន​ជាតិ​នេះ​មានទំនៀម​​ទម្លាប់​ប្រហាក់​ប្រហែល​ខ្មែរ​យើង​ដែរ​ គឺ​កាន់​សាសនា​ព្រះពុទ្ធ​ ។​ នៅ​ពេល​ធ្វើ​ពិធី​បុណ្យ​ និង​ពិធី​សែន​ព្រេន​ ផ្សេងៗ​ គេ​ឃើញ​ជនជាតិ​ព័រ​មិន​ចោល​ទេ​របាំទន្សោង​ និង​របាំ​ក្ងោក​ពោធិ៍សាត់​ ។​ ពួក​គាត់​សម្ដែង​កំដរ​ពិធី​សុំ​សេចក្ដី​សុខ​ ឬ​សែន​ព្រេន​ក្នុង​ពេល​ចេញ​ទៅ​បេះ​ក្រវាញ​ ដង្កោ​ ឬ​រក​ថ្ម​កែវ​ ។​

ក្នុង​អំឡុង​ឆ្នាំ​១៩៦១​-១៩៦២​ ព្រះ​បាទនរោត្ដម​ សីហនុ​ សព្វ​ព្រះរាជហឫទ័យ​ចាត់​ប្រតិភូ​មួយ​ក្រុម​មាន​លោក​តា​ជួន​ លោក​តា​យ៉េន​ លោក​តា​ប៉ែន​ លន​ ទៅ​សិក្សា​ស្រាវជ្រាវ​របាំ​ក្ងោក​ពោធិ៍សាត់​ ដោយ​ជិះ​ដំរី​ទៅដល់​ភូមិ​ក្សេតបុរី​ ។​ ដោយ​យល់​ឃើញ​ថា​ របាំ​ក្ងោក​ពោធិ៍សាត់​ជា​របាំ​មួយ​ល្អ​ ប្រតិភូ​បាន​កែ​សម្រួល​ចងក្រង​ជា​ក្បាច់​រាំ​ពី​ជន​ជាតិ​ដើម​មួយ​ចំនួន​ ដើម្បី​ឱ្យ​ក្លាយ​ជា​របាំ​ដែល​មាន​លក្ខណៈ​របាំ​ប្រពៃ​ណី​ជាតិ​ ចង​ក្រង​ចេញ​ដោយ​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ​ និង​យក​សម្ដែង​ក្នុង​កម្មវិធី​សិល្បៈ​ជាតិ​ ។​

គ្រឿង​ភ្លេង​សម្រាប់​ជនជាតិ​ព័រ​លេង​របាំ​ក្ងោក​ពោធិ៍សាត់​មាន​តែ​ស្គរ​២​ ព្លយ​១​ និង​កង្ហែន​ ១​ប៉ុណ្ណោះ​ ។​ ចំពោះ​ការ​តុបតែង​ខ្លួន​ បុរស​គ្រាន់​តែ​ក្រវាត់​ក្រមា​នឹង​ចង្កេះ​ ឯ​ ស្រី​ៗ​វិញ​បង់​កក្រមា​ ។​

នៅ​ពេល​លោក​​ម៉ៅ​ សោភ័ណ​ ប្រមូល​ផ្ដុំ​ក្រុម​សិល្បៈ​សម្ដែង​ឡើង​វិញ​បាន​តុប​តែង​កន្ទុយ​ គឺ​យក​កន្ទុយ​ក្ងោក​ វែងៗ​ចង​តម្រៀប​គ្នា​មាន​ខ្សែ​ចង​ក្របួច​ពី​ក្រោយ​ភ្ជាប់​ទៅ​​ក្បាល​អ្នក​រាំ​  អាវក​មូល​ ដៃ​ខ្លី​ ពណ៌បៃតង​ ឬ​ពណ៌ស្លឹក​ឈើ​ប្រហាក់​ប្រហែល​នឹង​សត្វ​ក្ងោក​ដែរ​ ជ័រ​ជាយ​ពណ៌លឿង​ ។​ សម្រាប់​បុរស​ស្លៀក​សំឡុយ​ចងក្បិន​ ឯ​នារី​ស្លៀក​សំឡុយ​ស្រុង​ក្រោម​ជង្គង់​ ។​  អ្នក​របាំ​នាំ​គ្នា​រាំ​បែប​ពេន​ យឺតៗ​ទៅ​តាម​ចង្វាក់​ភ្លេង​ និង​រាំ​ជា​ហ្វូង​ទៅ​តាម​ក្រុម​តូច​ ឬ​ធំ​ ។​

ក្នុងការ​សម្ដែង​របាំ​ក្ងោក​ក្រៅពី​ការកម្សាន្ត​ និងធ្វើឱ្យមាន​ភាព​អ៊‌ឹកធឹក​នៅក្នុង​កម្មវិធី​អ្វីមួយ ជាពិសេស​បុណ្យចូលឆ្នាំ​ខ្មែរនោះ​អ្នកស្រុក​មាន​ជំនឿ​​ជឿជាក់​ថា​ របាំ​ក្ងោក​នេះជា​សក្ខីភាព​នៃ​ភាព​បរិសុទ្ធ​ជ្រះថ្លា ដែល​នាំមក​នូវ​សេចក្ដីសុខ​ចម្រើន ដោយ​យោងតាមរឿងព្រេង​មួយ​ ដែល​បាន​បង្ហាញថា ក្ងោក​នោះ​គឺជា​អ្នក​ដែល​ចេះ​ប្រៀន ចេះ​អាគម ចេះ​គាថា ចេះ​ទេសនា​ប្រៀនប្រដៅ​យ៉ាង​ពីរោះពិសា។ ដូចនេះ​ ការសម្ដែង​គឺ​ត្រាប់​តាមកាយវិការ​របស់​សត្វ​ក្ងោក​ ដែល​បាន​ក្លាយជា​អ្នក​ប្រៀនប្រដៅ​ ជា​គ្រូបាធ្យាយនៃ​បុត្រី​ស្ដេច​ដែល​មាន​នាទី​អប់រំ​ ដាស់តឿន ​រំ​ឮ​ក ឱ្យ​លុះ​ដោយ​ធម៌ ​តាម​គន្លង​ព្រះពុទ្ធសាសនា។

(ប្រភពពី kohsantepheapdaily)





កោះ​ថាស - Koh Thas

Written on Friday, April 4, 2014 | 11:21 PM


កោះ​ថាស គឺជា​កន្លែង​កម្សាន្ត​​ថ្មី​មួយទៀត​ ក្នុងចំណោមកន្លែង​កម្សាន្ត​និង​រមណីយដ្ឋាន​ធម្មជាតិ​នានា ក្នុង​ខេត្ដ​ពោធិ៍សាត់​។ កោះ​នេះ​​ទើប​បង្កើត​ថ្មីកាលពី​ខែធ្នូ​ ឆ្នាំ២០០៨ ដែលមាន​ទីតាំងនៅ​ខាងត្បូង​ទំនប់ទឹកដំណាក់​អំពិល​ ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​តែប៉ុណ្ណោះ។​ កោះ​នេះ​ស្ថិតក្នុងភូមិ​អូរ​លំចង់ ឃុំ​បា​ក់ច​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ដ​ពោធិ៍សាត់ ហើយ​មាន​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ៥ ។
លោកអ្នក​អាចធ្វើ​ដំណើរ​ចូល​តាម​ខ្លោងទ្វារ​បូជនីយស្ថាន ឧកញ៉ា​ឃ្លាំងមឿង​ ដែល​ជា​ផ្លូវដី​គ្រួ​សក្រហម​ដោយមាន​ស្លាក​សញ្ញា​បង្ហាញ​​ដើម្បី​ជួយ​នាំ​ផ្លួវដល់​លោកអ្នក​ជាប់​រហូត។ សព្វថ្ងៃនេះ កោះ​ថាស កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង​ពិសេស​នៅក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​តែម្ដង។ នៅពេល​ធ្វើដំណើរ​ទៅដល់ លោក​អ្នកនឹង​បានឃើញ​កោះ​ថាស​មាន​រាង​មូល​ដូច​ថាស​មានទឹក​ព័ទ្ធជុំវិញ ហើយ​មួយ​ចំហៀង​ផ្នែក​ខាងកើត​ភ្ជាប់​ទៅនឹង​ស្ទឹង​ពោធិ៍សាត់ ។ កន្លង មក​ពុំមាន​គេ​ចាប់អារម្មណ៍​ទេ ដោយសារ​នៅ​ជុំវិញ​កោះ​ពុំមាន​ទឹក គឺ​គ្រាន់តែ​ជា​បឹង​ ដក់​ទឹក​ដុះ​ស្មៅ និង​ជា​កន្លែង​ធ្វើស្រែ​ប្រាំង​ ដាំ​បន្លែបង្ការ​របស់​ប្រជាព​រដ្ឋ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ​ គឺ​ចាប់តាំងពី​មាន​ទំនប់ទឹក​ដំណាក់​អំពិលមក ទឹក​ត្រូវ​បាន​​ហូរ​នាំ​ឡើងទៅកាន់​កណ្ដាល​កោះ ធ្វើឱ្យ​កោះមាន​សម្រស់​ស្រស់ត្រកាល ក្លាយជា​កន្លែង​កម្សាន្ត​​គួរ​ជាទី​គយគន់។
កោះ​ថាសមាន​ផ្ទៃដីប្រមាណ ១០ហិកតាបួន​ជ្រុង ដែល​ត្រូវ​​បានចាប់ផ្ដើម​កសាង​នៅខែធ្នូ​ ឆ្នាំ២០០៨។ រហូតមកដល់ពេលនេះ​កសាង​ផ្លូវ​ក្រាល​គ្រួស​​ក្រហម​ប្រវែង ៧០០០ម៉ែត្រ កញ្ចុះ​ចំនួន ៥១ ខ្សែកាប​ចំនួន​ពីរ​ សម្រាប់​ភ្ញៀវ​ជិះ​សម្រូត​ឆ្លងស្ទឹង​ទៅវិញទៅមក ស្ពាន​យោល​ប្រវែង ១៦០ម៉ែត្រ និង​មាន​ផ្ទៃ​ទឹកធំ​ទូលាយ​ព័ទ្ធជុំវិញ​ សម្រាប់​ភ្ញៀវទេសចរ​ជិះទូកនិង​ជិះ​ទា​លេង​កម្សាន្ត។ នៅលើ​ផ្ទៃ​កោះ​ទាំងមូល​មាន​ម្លប់​​ឫស្សី ដើម​ស្វាយ និង​បានរៀបចំ​ជា​កន្លែង​លក់ ដូរ ធុងសម្រាម កន្លែង​ក្រាលកន្ទេល កៅអី​បង្អែក​ធ្វើ​អំពី​ដើម​ឫស្សី និង​មាន​បង្គន់​អនាម័យ​ចំនួន៨បន្ទប់ថែម​ទៀត​ផង។​ កុំ​ភ្លេច​នាំ​ក្រុម​គ្រួសារ​មក​សម្រាក​លេង​កម្សាន្ត​នា​ថ្ងៃ​វិស្សមកាល​ទាំង​អស់​គ្នា។