នៅស្រុកភ្នំក្រវាញមានភូមិមួយឈ្មោះក្សេតបុរី ទីដែលជនជាតិព័ររស់នៅច្រើន ។ ជនជាតិនេះមានទំនៀមទម្លាប់ប្រហាក់ប្រហែលខ្មែរយើងដែរ គឺកាន់សាសនាព្រះពុទ្ធ ។ នៅពេលធ្វើពិធីបុណ្យ និងពិធីសែនព្រេន ផ្សេងៗ គេឃើញជនជាតិព័រមិនចោលទេរបាំទន្សោង និងរបាំក្ងោកពោធិ៍សាត់ ។ ពួកគាត់សម្ដែងកំដរពិធីសុំសេចក្ដីសុខ ឬសែនព្រេនក្នុងពេលចេញទៅបេះក្រវាញ ដង្កោ ឬរកថ្មកែវ ។
ក្នុងអំឡុងឆ្នាំ១៩៦១-១៩៦២ ព្រះបាទនរោត្ដម សីហនុ សព្វព្រះរាជហឫទ័យចាត់ប្រតិភូមួយក្រុមមានលោកតាជួន លោកតាយ៉េន លោកតាប៉ែន លន ទៅសិក្សាស្រាវជ្រាវរបាំក្ងោកពោធិ៍សាត់ ដោយជិះដំរីទៅដល់ភូមិក្សេតបុរី ។ ដោយយល់ឃើញថា របាំក្ងោកពោធិ៍សាត់ជារបាំមួយល្អ ប្រតិភូបានកែសម្រួលចងក្រងជាក្បាច់រាំពីជនជាតិដើមមួយចំនួន ដើម្បីឱ្យក្លាយជារបាំដែលមានលក្ខណៈរបាំប្រពៃណីជាតិ ចងក្រងចេញដោយមានក្បួនខ្នាតត្រឹមត្រូវ និងយកសម្ដែងក្នុងកម្មវិធីសិល្បៈជាតិ ។
គ្រឿងភ្លេងសម្រាប់ជនជាតិព័រលេងរបាំក្ងោកពោធិ៍សាត់មានតែស្គរ២ ព្លយ១ និងកង្ហែន ១ប៉ុណ្ណោះ ។ ចំពោះការតុបតែងខ្លួន បុរសគ្រាន់តែក្រវាត់ក្រមានឹងចង្កេះ ឯ ស្រីៗវិញបង់កក្រមា ។
នៅពេលលោកម៉ៅ សោភ័ណ ប្រមូលផ្ដុំក្រុមសិល្បៈសម្ដែងឡើងវិញបានតុបតែងកន្ទុយ គឺយកកន្ទុយក្ងោក វែងៗចងតម្រៀបគ្នាមានខ្សែចងក្របួចពីក្រោយភ្ជាប់ទៅក្បាលអ្នករាំ អាវកមូល ដៃខ្លី ពណ៌បៃតង ឬពណ៌ស្លឹកឈើប្រហាក់ប្រហែលនឹងសត្វក្ងោកដែរ ជ័រជាយពណ៌លឿង ។ សម្រាប់បុរសស្លៀកសំឡុយចងក្បិន ឯនារីស្លៀកសំឡុយស្រុងក្រោមជង្គង់ ។ អ្នករបាំនាំគ្នារាំបែបពេន យឺតៗទៅតាមចង្វាក់ភ្លេង និងរាំជាហ្វូងទៅតាមក្រុមតូច ឬធំ ។
ក្នុងការសម្ដែងរបាំក្ងោកក្រៅពីការកម្សាន្ត និងធ្វើឱ្យមានភាពអ៊ឹកធឹកនៅក្នុងកម្មវិធីអ្វីមួយ ជាពិសេសបុណ្យចូលឆ្នាំខ្មែរនោះអ្នកស្រុកមានជំនឿជឿជាក់ថា របាំក្ងោកនេះជាសក្ខីភាពនៃភាពបរិសុទ្ធជ្រះថ្លា ដែលនាំមកនូវសេចក្ដីសុខចម្រើន ដោយយោងតាមរឿងព្រេងមួយ ដែលបានបង្ហាញថា ក្ងោកនោះគឺជាអ្នកដែលចេះប្រៀន ចេះអាគម ចេះគាថា ចេះទេសនាប្រៀនប្រដៅយ៉ាងពីរោះពិសា។ ដូចនេះ ការសម្ដែងគឺត្រាប់តាមកាយវិការរបស់សត្វក្ងោក ដែលបានក្លាយជាអ្នកប្រៀនប្រដៅ ជាគ្រូបាធ្យាយនៃបុត្រីស្ដេចដែលមាននាទីអប់រំ ដាស់តឿន រំឮក ឱ្យលុះដោយធម៌ តាមគន្លងព្រះពុទ្ធសាសនា។
(ប្រភពពី kohsantepheapdaily)