ប្រវត្តិឈ្មោះ ពោធិ៍សាត់ និងបាកាន
Written on Wednesday, October 23, 2013 | 5:47 AM
តាមសៀវភៅវចនានុក្រមខ្មែរ ឬវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ទំព័រ៧៧៩ បានបញ្ជាក់ពីប្រវត្តិនិទានឈ្មោះខេត្តពោធិ៍សាត់ ។ ពាក្យថា «ពោធិ៍សាត់» គឺជាឈ្មោះខេត្តមួយនៅខាងកើតខេត្តបាត់ដំបង ។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយដើមរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក គេបានស្រង់យកទៅដាំនៅទីមួយ ។ដោយហេតុនេះ ទើបឱ្យឈ្មោះភូមិប្រទេសនោះថា «ពោធិ៍រសាត់» ព្រោះពាក្យថារសាត់ និងសាត់នេះ ជាពាក្យតែមួយប្រើជួសគ្នាបាន ។ លុះចំណេរកាលយូរអង្វែងមកក្លាយជា «ពោធិ៍សាត់» សព្វថ្ងៃនេះតាំងជាទីរួមខេត្ត ហៅថា «ខេត្តពោធិ៍សាត់» ។វចនានុក្រមខ្មែរ បានពន្យល់ដែរថា ចំណែកក្រូចមួយប្រភេទក៏ហៅឈ្មោះតាមឈ្មោះខេត្តពោធិ៍សាត់ដែរ គឺក្រូចពោធិ៍សាត់ ព្រោះក្រូចប្រភេទនេះកើតមាននៅខេត្តពោធិ៍សាត់ជាដំបូងគេបង្អស់ ។ គួរកុំហៅថាខេត្តពោធិសត្វ ក្រូចពោធិសត្វ ព្រោះពោធិ៍សាត់ និងពោធិសត្វ ពាក្យទាំងពីរនេះ មានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់ ។
ទាក់ទិននឹងស្ទឹងពោធិ៍សាត់វិញ តើមានប្រវត្តិយ៉ាងណា ?
លោក រស់ សំណាង អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បញ្ជាក់ថា ស្ទឹងពោធិ៍រសាត់ ពីមុន គឺស្ទឹងដែលហូរប្របវត្តបាកាន កាត់ឃុំអូរតាប៉ោង ហូរចាក់ពីក្បាលស្ទឹងចូលទៅបឹងទន្លេសាប ។ ស្ទឹងបច្ចុប្បន្ននេះគឺបែកពីក្បាលស្ទឹងមកដែរ មូលហេតុដោយការទប់កាត់ក្បាលស្ទឹងចំណុចទំនប់ដប់បាត្រដើម្បីចាប់ក្រពើលេបកូនស្តេច ទើបស្ទឹងនេះបែកចេញមកស្ទឹងពោធិ៍សាត់ សព្វថ្ងៃនេះវិញ ហើយស្ទឹងពោធិ៍រសាត់ចាស់នោះ លែងមានទឹកហូរពីក្បាលស្ទឹងមកដូចមុនទៀត ។
មានរឿងនិទានថា ក្នុងសម័យថ្ងៃមួយ មានហេតុចម្លែកមួយគួរអស្ចារ្យណាស់ អ្នកស្រុកប្របមាត់ព្រែកស្ទឹងពោធិ៍សាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមានដើមពោធិ៍តូចមួយដើមអណ្តែតច្រាសទឹកពីបឹងទន្លេសាបឡើងមក ។ ម្នាក់ៗឃើញដូច្នេះនាំគ្នាយកខ្សែពួរទាក់អូសដើមពោធិ៍ឡើងគោក តែទាញមិនឈ្នះសោះ គេក៏ដាក់ឈ្មោះភូមិនោះថា «ភូមិព្រះមិននៅ» ក្រោយមកបានក្លាយជាពាក្យថា «ភូមិព្រះម្លូ» ដល់សព្វថ្ងៃនេះ ។ ដើមពោធិ៍ចេះតែអណ្តែតច្រាសទឹកមកដល់ភូមិមួយ អ្នកស្រុកនាំគ្នារាយខ្សែពួរទាក់ម្តងទៀតចងនឹងដើមចារដ៏ធំនៅប្របមាត់ស្ទឹងក៏ទាញដើមចារនោះដួលផ្អៀងចោលស្លឹកទៅក្នុងស្ទឹងយុល ហើយរបូតអណ្តែតឡើងបន្តទៀត ។ ទីនោះជាប់ពាក្យតៗគ្នាថា «ភូមិចារយុល» គ្រាមភាសាកម្លាយមកជា «ភូមិចាយ៉ូវ» រហូតរៀងមក ។
លុះដើមពោធិ៍រសាត់ដល់ទីវត្តបាកានបច្ចុប្បន្នដែលពេលនោះមិនទាន់បានក្លាយជាវត្តនៅឡើយទេ គឺមានតែប្រាសាទមួយនៅសតវត្សទី១៦ ឈ្មោះប្រាសាទព្រះខាន់ (តាមការស្រាវជ្រាវរបស់សាលាបារាំងចុងបូព៌ា) អ្នកស្រុកនាំគ្នាដុតទៀន ធូប បួងសួង ហើយនាំគ្នាទាក់ម្តងទៀត ។
តាមការនិទានពីព្រឹទ្ធាចារ្យជាច្រើននាក់ថា គេប្រើខ្សែអំបោះតែ៧សរសៃប៉ុណ្ណោះទាក់ដើមពោធិ៍តូចនោះជាប់ ទាញឡើងប្រតិស្ឋានដាំប្របប្រាសាទថ្ម ហើយអ្នកស្រុកអ្នកភូមិត្រេកអរណាស់នាំគ្នាស្រែកព្រមគ្នាថា «បានការហើយ បានការហើយ» ទីនោះជាប់ឈ្មោះថា «ភូមិបានការ» ។ ក្រោយមកដោយសារព្រឹត្តិការណ៍ផ្សេងៗទៀតនោះ បានប្តូរ និងកម្លាយមកជា «បាកាន ឬវត្តបាកាន» វិញ ។ ចំណែកស្ទឹងនោះជាប់នាមថា «ស្ទឹងពោធិ៍រសាត់ ឬស្ទឹងពោធិ៍សាត់» ។ដើមពោធិ៍នោះដុះនៅក្នុងវត្តបាកានប្របនឹងប្រាសាទរហូតមកដល់សព្វថ្ងៃនេះ ៕
ប្រភពពី kohsantepheapdaily
អត្ថបទទាក់ទង
ប្រសិនបើលោកអ្នកចូលចិត្តអត្ថបទនេះសូម ចុចទីនេះ ឫធ្វើការតាមដានដោយបញ្ចូល Email របស់លោកអ្នកខាងក្រោមនេះ ដើម្បីទទួលបាននូវអត្ថបទថ្មីៗ ល្អ ដូច្នេះទៀត...