កោះថាស គឺជាកន្លែងកម្សាន្តថ្មីមួយទៀត ក្នុងចំណោមកន្លែងកម្សាន្តនិងរមណីយដ្ឋានធម្មជាតិនានា ក្នុងខេត្ដពោធិ៍សាត់។ កោះនេះទើបបង្កើតថ្មីកាលពីខែធ្នូ ឆ្នាំ២០០៨ ដែលមានទីតាំងនៅខាងត្បូងទំនប់ទឹកដំណាក់អំពិល ចម្ងាយប្រហែល ១ គីឡូម៉ែត្រតែប៉ុណ្ណោះ។ កោះនេះស្ថិតក្នុងភូមិអូរលំចង់ ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្ដពោធិ៍សាត់ ហើយមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ។
លោកអ្នកអាចធ្វើដំណើរចូលតាមខ្លោងទ្វារបូជនីយស្ថាន ឧកញ៉ាឃ្លាំងមឿង ដែលជាផ្លូវដីគ្រួសក្រហមដោយមានស្លាកសញ្ញាបង្ហាញដើម្បីជួយនាំផ្លួវដល់លោកអ្នកជាប់រហូត។ សព្វថ្ងៃនេះ កោះថាស កំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំងពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតែម្ដង។ នៅពេលធ្វើដំណើរទៅដល់ លោកអ្នកនឹងបានឃើញកោះថាសមានរាងមូលដូចថាសមានទឹកព័ទ្ធជុំវិញ ហើយមួយចំហៀងផ្នែកខាងកើតភ្ជាប់ទៅនឹងស្ទឹងពោធិ៍សាត់ ។ កន្លង មកពុំមានគេចាប់អារម្មណ៍ទេ ដោយសារនៅជុំវិញកោះពុំមានទឹក គឺគ្រាន់តែជាបឹង ដក់ទឹកដុះស្មៅ និងជាកន្លែងធ្វើស្រែប្រាំង ដាំបន្លែបង្ការរបស់ប្រជាពរដ្ឋនៅទីនោះតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺចាប់តាំងពីមានទំនប់ទឹកដំណាក់អំពិលមក ទឹកត្រូវបានហូរនាំឡើងទៅកាន់កណ្ដាលកោះ ធ្វើឱ្យកោះមានសម្រស់ស្រស់ត្រកាល ក្លាយជាកន្លែងកម្សាន្តគួរជាទីគយគន់។
កោះថាសមានផ្ទៃដីប្រមាណ ១០ហិកតាបួនជ្រុង ដែលត្រូវបានចាប់ផ្ដើមកសាងនៅខែធ្នូ ឆ្នាំ២០០៨។ រហូតមកដល់ពេលនេះកសាងផ្លូវក្រាលគ្រួសក្រហមប្រវែង ៧០០០ម៉ែត្រ កញ្ចុះចំនួន ៥១ ខ្សែកាបចំនួនពីរ សម្រាប់ភ្ញៀវជិះសម្រូតឆ្លងស្ទឹងទៅវិញទៅមក ស្ពានយោលប្រវែង ១៦០ម៉ែត្រ និងមានផ្ទៃទឹកធំទូលាយព័ទ្ធជុំវិញ សម្រាប់ភ្ញៀវទេសចរជិះទូកនិងជិះទាលេងកម្សាន្ត។ នៅលើផ្ទៃកោះទាំងមូលមានម្លប់ឫស្សី ដើមស្វាយ និងបានរៀបចំជាកន្លែងលក់ ដូរ ធុងសម្រាម កន្លែងក្រាលកន្ទេល កៅអីបង្អែកធ្វើអំពីដើមឫស្សី និងមានបង្គន់អនាម័យចំនួន៨បន្ទប់ថែមទៀតផង។ កុំភ្លេចនាំក្រុមគ្រួសារមកសម្រាកលេងកម្សាន្តនាថ្ងៃវិស្សមកាលទាំងអស់គ្នា។